(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៤៧,៦១៩នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,១៣៤នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៨,៩៦៨,៩២៥ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦៤៨,១៦១នាក់ និងជាសះស្បើយឡើងសរុប ៣០.៦២លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។
ចំពោះមុខការកើនឡើងនៃករណីឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ឡើងវិញនៅទូទាំងសហរដ្ឋអាមេរិក អ្នកជំនាញផ្នែកជំងឺឆ្លង លោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វាវស៉ី (Anthony Fauci) នៅថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានអះអាងថា សហរដ្ឋអាមេរិកនឹងអាចគ្រប់គ្រងការឆ្លងរាតត្បាតនៃជំងឺ COVID-19 បាននៅដើមឆ្នាំ២០២២ខាងមុខនេះ ប្រសិនបើមនុស្សកាន់ច្រើន បានទទួលការចាក់វ៉ាក់សាំង។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួន ៣៦៣លានដូស ក្នុងនោះប្រជាជន ២០១.៧១លាននាក់ (៦១.៥% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៧១.០៨លាននាក់ទៀត (៥២.១%) បានទទួលការចាក់គ្រប់ដូស ឬ ២ដូស៕