(តាលីបង់)៖ អ្នកនាំពាក្យតាលីបង់លោក Zabihullah Mujahid និយាយថា ពួកគេចង់ឲ្យជនបរទេសទាំងអស់ជម្លៀសចេញពីអាហ្វហ្គានីស្ថាន នៅត្រឹមថ្ងៃទី៣១ ខែសីហា ដោយប្តេជ្ញាបដិសេធរាល់ផែនការណាមួយ សម្រាប់ការពន្យាពេលឲ្យហួសពីកាលកំណត់នេះទេ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅយប់ថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១។
ថ្លែងក្នុងសន្និសីទសារព័ត៌មានខ្លីនៅថ្ងៃនេះ លោក Mujahid បានឆ្លើយតបទៅនឹងសំនួររបស់ BBC ថា តាលីបង់ចង់ឲ្យជនបរទេសទាំងអស់ត្រូវបានជម្លៀសចេញ នៅត្រឹមថ្ងៃទី៣១ ខែសីហានេះ ដោយបន្ថែមថា ខ្លួនមិនពេញចិត្តឱ្យជនជាតិអាហ្វហ្គានីស្ថានចាកចេញពីប្រទេសទេ។
អ្នកនាំពាក្យក្រុមតាលីបង់រូបនេះបានព្រមានថា អាមេរិកមិនគួរលើកទឹកចិត្តពួកឥស្សរជនអាហ្វហ្គានីស្ថានឱ្យចាកចេញពីប្រទេសនោះទេ៕
ទន្ទឹមនឹងនោះ លោក Mujahid ក៏បានជំរុញឲ្យស្ថានទូតបរទេសទាំងអស់បន្តការងារពួកគេ ដោយមិនត្រូវបិទទ្វានោះទេ ជាមួយការធានាសុវត្ថិភាពដល់ពួកគេ ខណៈដែលសាលារៀន សាកលវិទ្យាល័យ មន្ទីរពេទ្យ និងស្ថានីយ៍ទូរទស្សន៍ ក៏ដូចជាវិទ្យុកំពុងដំណើរការឡើងវិញធម្មតា៕