(ម៉ានីល)៖ របាយការណ៍ថ្មីមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ជំងឺឆ្លងរាតត្បាត COVID-19 បានរុញច្រានប្រជាជនប្រមាណ ៧៥លាននាក់ទៅ ៨០លាននាក់នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកឱ្យធ្លាក់ចូលទៅក្នុងភាពក្រីក្រកាលពីឆ្នាំ២០២០កន្លងទៅនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១។
ដោយផ្ដោតទៅលើសូចនាករសំខាន់ៗមួយចំនួននៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកឆ្នាំ២០២១នេះ របាយការណ៍ខាងលើរបស់ ADB បានព្រមានថាជំងឺ COVID-19 កំពុងគំរាមកំហែងដល់ការរីកចម្រើនរបស់តំបន់អាស៊ី និងប៉ាស៊ីហ្វិកឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។
របាយការណ៍នេះដដែលបានបញ្ជាក់ទៀតថា COVID-19 ដែលបានបំផ្លិចបំផ្លាញពិភពលោកកាលពីដើមឆ្នាំ២០២០កន្លងទៅនេះ «នៅតែបន្តធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សង្គម និងសេដ្ឋកិច្ច ដែលមនុស្សរាប់លាននាក់ត្រូវរស់នៅក្រោម ឬជិតបន្ទាត់ក្រីក្រ ខណៈផលប៉ះពាល់សេដ្ឋកិច្ច និងសង្គមនៅតែបន្តកើតមានឡើងដោយប្រជាជនដែលកំពុងតស៊ូ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ត្រូវប្រឈមមុខនឹងហានិភ័យនៃភាពក្រីក្រ»។
គួរបញ្ជាក់ថា ដោយសន្មត់ថាជំងឺ COVID-19 នៅតែបន្តការឆ្លងរីករាលដាល របាយការណ៍របស់ ADB ក៏បានព្រមានដែរថាការកើនឡើងនៃភាពក្រីក្រអាចមានចំនួន កាន់តែច្រើន។ ប្រជាជនប្រហែល ២០៣លាននាក់ ឬ ៥.២ភាគរយនៃប្រជាជនសរុបនៅតំបន់អាស៊ី បានរស់នៅក្នុងភាពក្រីក្រយ៉ាងខ្លាំងគិតត្រឹមឆ្នាំ២០១៧។ ប៉ុន្តែបើគ្មានជំងឺ COVID-19 ទេ ចំនួននោះនឹងធ្លាក់ចុះមកនៅត្រឹមតែ ២.៦ភាគរយប៉ុណ្ណោះគិតត្រឹមឆ្នាំ២០២០៕