(ហ្សេរុយសាឡឹម)៖ ក្រសួងសុខាភិបាលអ៊ីស្រាអែល នៅថ្ងៃអង្គារនេះបានរាយការណ៍ឱ្យដឹងថា ចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅប្រទេសអ៊ីស្រាអែល បានកើនឡើងដល់ ១,០០៥,៥១១ករណីហើយ គិតចាប់តាំងពីករណីឆ្លងដំបូងបង្អស់ ត្រូវបានរកឃើញនៅក្នុងប្រទេសនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១។
បើតាមអង្គការសុខភាពពិភពលោក (WHO) អ៊ីស្រាអែលបានក្លាយជាប្រទេសទី ៣៥ ដែលបានកត់ត្រាករណីឆ្លង COVID-19 ចូលដល់ខ្ទង់លានករណី។ ប្រទេសដែលមានប្រជាជន ៨.៦លាននាក់មួយនេះ បានរាយការណ៍ពីការរកឃើញ ករណីឆ្លងដំបូងបង្អស់របស់ខ្លួនកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះ ដោយសារជនជាតិអ៊ីស្រាអែលម្នាក់ ដែលបានវិលត្រឡប់មកពីប្រទេសអ៊ីតាលីវិញ បានធ្វើតេស្តវិជ្ជមាន ចំពោះជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ។
ទន្ទឹមនឹងនេះ ចំនួនអ្នកស្លាប់សរុបដោយសារជំងឺ COVID-19 នៅប្រទេសអ៊ីស្រាអែល ក៏បានកើនឡើងដល់ ៦,៨៦៤នាក់ផងដែរ ខណៈចំនួនអ្នកជាសះស្បើយ បានកើនឡើងដល់ ៩២៦,០៧៥នាក់។ ដោយឡែកប្រជាជនអ៊ីស្រាអែលជាង ៥.៩លាននាក់ ឬស្មើនឹង ៦៣.២ភាគរយនៃប្រជាជនសរុប បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ០១ដូសរួចរាល់ហើយ ខណៈ ៥.៤៥លាននាក់ទៀត បានទទួលការចាក់ចំនួន ០២ដូស និង ១.៥៧លាននាក់ទៀត បានទទួលការចាក់ចំនួន ០៣ដូស៕