(វែលីងតោន)៖ ប្រទេសនូវែលសេឡង់ នៅថ្ងៃអង្គារនេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងវីរុស COVID-19 បំប្លែងខ្លួន Delta ក្នុងសហគមន៍ថ្មីៗចំនួន ៤១ករណីបន្ថែមទៀត ដែលនាំឱ្យចំនួនករណីឆ្លងសរុបកើនឡើងដល់ ១៤៨ករណីហើយ ក្នុងនោះមាន ១៣៧ករណីត្រូវបានរកឃើញនៅក្នុងទីក្រុង អកលែនដ៍ (Auckland) និង ១១ករណីទៀតនៅក្នុងរដ្ឋធានីវែលីងតោន (Wellington)។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១។
អគ្គនាយកសុខាភិបាលនូវែលសេឡង់ លោក អាស្លេយ ប្លូមហ្វៀល (Ashley Bloomfield) បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានមួយថា ក្នុងចំណោមករណីឆ្លងវីរុស COVID-19 បំប្លែងខ្លួន Delta ក្នុងសហគមន៍ថ្មីៗចំនួន ៤១ករណីខាងលើនេះ មាន ១៩ករណីជាស្ត្រី និង ២២ករណីទៀតជាបុរស ហើយក្នុងនោះមាន ៣៨ករណីត្រូវបានរកឃើញនៅក្នុងទីក្រុង Auckland និង ០៣ករណីទៀតនៅក្នុងទីក្រុង Wellington។
ជុំវិញបញ្ហានេះ ប្រទេសនូវែលសេឡង់ នឹងនៅតែស្ថិតក្រោមវិធានការបិទខ្ទប់កម្រិតទី៤ដដែល រហូតដល់ពាក់កណ្តាលអធ្រាត្រ ថ្ងៃសុក្រសប្ដាហ៍នេះ ដែលជាថ្ងៃត្រូវធ្វើការវាយតម្លៃម្តងទៀត។ ប្រទេសនូវែលសេឡង់ បានសម្រេចអនុវត្តវិធានការបិទខ្ទប់ ចាប់តាំងពីពាក់កណ្តាលអធ្រាត្រថ្ងៃទី១៧ ខែសីហា មកម៉្លេះ បន្ទាប់ពីករណីឆ្លងវីរុស COVID-19 បំប្លែងខ្លួន Delta ដំបូងបង្អស់នៅក្នុងទីក្រុង Auckland ត្រូវបានកំណត់អត្តសញ្ញាណ។
គួរបញ្ជាក់ថា នៅក្រោមវិធានការបិទខ្ទប់កម្រិតទី៤ អាជីវកម្ម និងសាលារៀនទាំងអស់ ត្រូវបានបិទទ្វារលើកលែងតែទីកន្លែងសំខាន់ៗ ដូចជាផ្សារទំនើប ឱសថស្ថាន និងកន្លែងផ្តល់សេវាកម្មតែប៉ុណ្ណោះ៕