(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីអាមេរិកនៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានឱ្យដឹងថា សហរដ្ឋអាមេរិកត្រូវតែធ្វើការសម្រេចចិត្តភ្លាមៗថា តើគួរតែអូសបន្លាយប្រតិបត្តិការជម្លៀស ហួសកាលបរិច្ឆេទកំណត់ត្រឹមថ្ងៃទី៣១ ខែសីហានេះដែរឬក៏យ៉ាងណា ខណៈប្រជាជនអាហ្វហ្កានីស្ថាន និងជនបរទេសរាប់ពាន់នាក់នៅតែបន្តនាំគ្នាសម្រុកចូល អាកាសយានដ្ឋានក្នុងរដ្ឋធានីកាប៊ុល ដើម្បីចាកចេញពីអាហ្វហ្កានីស្ថាន ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១។
ថ្លែងប្រាប់ Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះមន្ត្រីអាមេរិក ០២រូប បានអះអាងថា សហរដ្ឋអាមេរិកអាចនឹងបន្តប្រតិបត្តិការជម្លៀសមនុស្ស ហួសកាលបរិច្ឆេទកំណត់ថ្ងៃទី៣១ ខែសីហា ស្របពេលមន្ត្រីក្រសួងការបរទេសអាមេរិកម្នាក់ទៀត ក៏បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានដែរ ពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះប្រជាជនអាហ្វហ្កានីស្ថានងាយរងគ្រោះ ដោយសង្កត់ធ្ងន់ដូចគ្នាថា ការជម្លៀសនឹងមិនបញ្ចប់ត្រឹមថ្ងៃទី៣១ ខែសីហានោះទេ។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសថា កងទ័ពអាមេរិកអាចនឹងបន្តស្ថិតនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន រហូតទាល់តែពលរដ្ឋអាមេរិកទាំងអស់ ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព។ ប៉ុន្តែព្រមពេលជាមួយគ្នា ក្រុមតាលីបង់បានព្រមានថា កងទ័ពបរទេសទាំងអស់មិនត្រូវស្ថិតនៅ ក្នុងទឹកដីអាហ្វហ្កានីស្ថានទៀតឡើយ ព្រោះបើលើសកាលកំណត់ នោះនឹងត្រូវចាត់ទុកថាជាការ «ឈ្លានពាន»។ ទោះជាយ៉ាងណា មន្ត្រីអាមេរិកបានអះអាងថា កិច្ចចរចាជាមួយតាលីបង់កំពុងបន្តធ្វើឡើង៕