(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅថ្ងៃចន្ទ ទី២៣ ខែសីហានេះថា ឧបករណ៍វេជ្ជសាស្រ្តជាង ៥០០តោន រួមទាំងឧបករណ៍វះកាត់ និងថ្នាំជំនួយផ្នែកកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ដែលនឹងត្រូវបញ្ជូនទៅអាហ្វហ្គានីស្ថាននៅសប្តាហ៍នេះ ត្រូវបានជាប់គាំងដោយសារតែការរឹតត្បិតព្រលានយន្តហោះទីក្រុងកាប៊ុល។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅយប់ថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១។
ទីភ្នាក់ងារជំនួយនិយាយថា វាសំខាន់ណាស់ដែលការផ្គត់ផ្គង់វេជ្ជសាស្ត្រ និងស្បៀងអាហារបានទៅដល់មនុស្សប្រមាណ ៣០០,០០០នាក់ ដែលផ្លាស់ទីលំនៅនៅអាហ្វហ្គានីស្ថានក្នុងរយៈពេលពីរខែចុងក្រោយនេះ ចំពេលមានការផ្លាស់ប្តូរខ្លាំង ដោយក្រុមបះបោរតាលីបង់ដែលបានឈានទៅកាន់កាប់ទីក្រុងកាប៊ុល កាលពីថ្ងៃទី ១៥ ខែសីហា។
មនុស្សប្រមាណជិត ១៨.៥លាននាក់ ដែលស្មើរនឹងពាក់កណ្តាលនៃប្រជាជនសរុប ពឹងផ្អែកលើជំនួយ ហើយតម្រូវការមនុស្សធម៌ត្រូវបានគេរំពឹងថា នឹងកើនឡើងដោយសារគ្រោះរាំងស្ងួត។
អ្នកនាំពាក្យ WHO លោក Inas Hamam បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលមួយទៅកាន់ Reuters ថា « ខណៈពេលដែលពិភពលោកកំពុងសម្លឹងមើលតែទៅលើមនុស្សដែលត្រូវបានជម្លៀសចេញ យើងក៏ត្រូវការការផ្គត់ផ្គង់ដើម្បីជួយដល់អ្នកដែលនៅសេសសល់ផងដែរ»៕