(ឡុងដ៍)៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) នឹងស្នើឲ្យប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) ពន្យារកាលកំណត់នៃការដកកងទ័ព ចេញពីប្រទេសអាហ្វហ្គានីស្ថាន នៅក្នុងកិច្ចពិភាក្សាជាមួយ មេដឹកនាំក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង ៧ (G7) នៅថ្ងៃអង្គារស្អែកនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១។
រដ្ឋមន្ត្រីពីររូបរបស់អង់គ្លេស គឺលោក ចេមស៍ ហ៊ីបហ្វី (James Heappey) ជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក ចេមស៍ ក្លេវើលី (James Cleverly) រដ្ឋមន្ត្រីក្រសួងការបរទេសបាននិយាយថា ចក្រភពអង់គ្លេសកំពុងជំរុញឱ្យ កាលបរិច្ឆេទផុតកំណត់នៃការដកកងទ័ពអាមេរិក និងជម្លៀសមនុស្សចេញពីអាហ្វហ្គានីស្ថាន បន្តលើសពីថ្ងៃទី៣១ ខែសីហាបន្ថែមទៀត ដើម្បីបង្កើនចំនួនមនុស្សដែលខ្លួនអាចជួយសង្គ្រោះ ឲ្យចាកចេញពីប្រទេសអាស៊ីខាងត្បូងមួយនេះ។
ជុំវិញបញ្ហាខាងលើនេះ លោក Heappey បានគូសបញ្ជាក់ប្រាប់សារព័ត៌មាន Sky News ថា មនុស្សប្រហែល ៤,០០០នាក់ទៀតឯណោះ អាចមានសិទ្ធិមកជ្រកកោន នៅចក្រភពអង់គ្លេស ប៉ុន្តែពួកគេកំពុងស្ថិតក្នុងប្រទេសអាហ្វហ្គានីស្ថាននៅឡើយ ហើយរដ្ឋាភិបាលអង់គ្លេសក៏ចង់ ទៅជម្លៀសមនុស្សរាប់ពាន់នាក់បន្ថែមទៀតផងដែរ ប្រសិនបើអាច។
ដោយឡែក លោក Cleverly វិញបានគូសបញ្ជាក់ប្រាប់សារព័ត៌មាន BBC ថា «រឿងដែលខ្ញុំគិតថា យើងទាំងអស់គ្នាបានដឹងកាលពីសប្តាហ៍មុននោះ គឺថាពេលវេលាដែលយើងគ្រោងទុក មិនចេះតែស្ថិតក្រោមការគ្រប់គ្រងរបស់យើង បានទាំងស្រុងនោះទេ។ ឥឡូវនេះ វាច្បាស់លាស់ណាស់ថា បើមានពេលវេលាកាន់តែច្រើន នោះមនុស្សកាន់តែច្រើនទៀត អាចនឹងត្រូវយើងជម្លៀសចេញ ហើយនោះគឺជាអ្វីដែលយើងកំពុងជំរុញ»។
គួរបញ្ជាក់ថា លោក Boris Johnson នឹងរៀបចំកិច្ចពិភាក្សា ជាមួយមេដឹកនាំក្រុមប្រទេស G7 ដែលមានដូចជា សហរដ្ឋអាមេរិក អង់គ្លេស អាល្លឺម៉ង់ បារាំង អ៊ីតាលី កាណាដា និងជប៉ុន នៅថ្ងៃអង្គារស្អែកនេះ ដើម្បីពិភាក្សាអំពីវិបិត្តនៅប្រទេសអាហ្វហ្គានីស្ថាន៕