(សេអ៊ូល)៖ បេសកជននុយក្លេអ៊ែររបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះ បានជួបពិភាក្សាគ្នាអំពី ការផ្តល់ជំនួយមនុស្សធម៌ដល់កូរ៉េខាងជើង ដោយជំរុញឱ្យទីក្រុងព្យុងយ៉ាង (Pyongyang) វិលត្រឡប់មករកតុពិភាក្សាវិញ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១។
លោក ស៊ុង គីម (Sung Kim) បេសកជនពិសេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុកបញ្ហាកូរ៉េខាងជើង ដែលបានមកដល់ទីក្រុងសេអ៊ូល កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ០៤ថ្ងៃរបស់លោក បានជួបពិភាក្សាគ្នាជាមួយ សមភាគីកូរ៉េខាងត្បូងរបស់លោក គឺលោក ណូ គ្យូឌុក (Noh Kyu-duk) អំពិកិច្ចការសន្តិភាព និងសន្តិសុខឧបទ្វីបកូរ៉េ។
ទីភ្នាក់ងារសារព័ត៌មាន Yonhap បានធ្វើការដកស្រង់សម្តីរបស់លោក Kim នៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចពិភាក្សាថា «យើងបានពិភាក្សាគ្នាអំពីជំនួយមនុស្សធម៌ ដែលអាចកើតមាន ទៅកាន់កូរ៉េខាងជើង»។ លោក Kim បានបញ្ជាក់ជាថ្មី ពីការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះកិច្ចសន្ទនានិងការធ្វើទំនាក់ទំនងរវាងប្រទេសកូរ៉េទាំងពីរ ដោយនិយាយថា សហរដ្ឋអាមេរិក នឹងបន្តផ្តល់ការគាំទ្រដល់គម្រោងកិច្ចសហប្រតិបត្តិការមនុស្សធម៌អន្តរកូរ៉េ។
លោក Noh បានប្រាប់អ្នកសារព័ត៌មានថា ភាគីទាំងពីរ បានពិភាក្សាគ្នាអំពីវិធីសហការជាមួយកូរ៉េខាងជើង ក្នុងវិស័យមនុស្សធម៌ រួមមានការថែទាំសុខភាព, កាធ្វើចត្តាឡីស័កដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនានា, ទឹកស្អាត, និងអនាម័យ ព្រមទាំងការគាំទ្រផ្នែកមនុស្សធម៌សម្រាប់កូរ៉េខាងជើង តាមរយៈអង្គការអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាល។
លោក Kim បានបន្តការអំពាវនាវរបស់លោកដើម្បី ឲ្យមានកិច្ចពិភាក្សាជាមួយកូរ៉េខាងជើងឡើងវិញ ដោយនិយាយថា លោកនៅតែបន្តត្រៀមខ្លួន ដើម្បីជួបជាមួយសមភាគីកូរ៉េខាងជើងរបស់លោក «គ្រប់ទីកន្លែង គ្រប់ពេលវេលា ដោយមិនមានលក្ខខណ្ឌ»។
គួរបញ្ជាក់ថា បន្ទាប់ពីកិច្ចពិភាក្សាជាមួយលោក Noh, លោក Kim ត្រូវគេរាយការណ៍ថា ក៏បានជួបពិភាក្សាគ្នា នៅទីក្រុងសេអ៊ូល ជាមួយអនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក អ៊ីហ្គ័រ ម័រហ្គូឡូវ (Igor Morgulov) ដែលបានមកដល់ទីក្រុងសេអ៊ូល កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ០៦ថ្ងៃផងដែរ៕