(ប៉េកាំង)៖ បច្ចុប្បន្ននេះ វីរុសកូវីដ១៩បម្លែងថ្មីប្រភេទដែលតា បាននិងកំពុងរាតត្បាតនៅទូទាំងពិភពលោក ដែលបានរំខានដល់ដំណើរការងើបឡើងវិញ នៃសេដ្ឋកិច្ចសកល។ ក្នុងបរិបទបែបនេះ ទិន្នន័យសេដ្ឋកិច្ចថ្មីបំផុតដែលប្រទេសចិនប្រកាសជាផ្លូវការ បានទទួលការយកចិត្តទុកដាក់យ៉ាងខ្លាំង ពីសំណាក់សហគមន៍អន្តរជាតិ ក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់មកនេះ។
ជាបឋម ភាពរស់រវើកនៃការវិនិយោគគ្នាទៅវិញទៅមករបស់ប្រទេសចិន បានបំពេញបន្ថែមកម្លាំងចលករ សម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចសកល។ តាមស្ថិតិនៃក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិនបានឱ្យដឹងថា ពីខែមករាដល់ខែកក្កដាឆ្នាំនេះ ប្រទេសចិនបានប្រើប្រាស់ទុនបរទេសជាក់ស្តែងចំនួន ៦៧២.១៩ពាន់លានយាន់ប្រាក់ចិន បានកើនឡើង ២៥.៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ហើយបានកើនឡើង ២៦.១ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៩។
ព្រមពេលជាមួយគ្នានេះ ការវិនិយោគនៅបរទេសរបស់ប្រទេសចិន ក៏បានជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសទទួលប្រាក់ទុនផងដែរ។ ពីខែមករាដល់ខែកក្កដាឆ្នាំនេះ ការវិនិយោគទុនដោយផ្ទាល់ មិនមែនក្នុងវិស័យហិរញ្ញវត្ថុរបស់ប្រទេសចិន ចំពោះប្រទេសតាមបណ្តោយ “ខ្សែក្រវាត់និងផ្លូវ” មានចំនួន ១១.២៩ពាន់ដុល្លារអាមេរិក បានកើនឡើង ៩.៩ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។
ក្រៅពីនេះ រោងចក្ររបស់ប្រទេសចិនបាននិងកំពុងបំពេញបន្ថែម នូវកង្វះខាតយ៉ាងខ្លាំងរវាងការផ្គត់ផ្គង់ និងតម្រូវការដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវី១៩ ដើម្បីជួយលំនឹងខ្សែផ្គត់ផ្គង់ជាសកល។ ក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំនេះ ទំហំពាណិជ្ជកម្មនាំចេញនាំចូល ទំហំនាំចេញនិងទំហំនាំចូលរបស់ប្រទេសចិន បានកើនឡើង ២៤.៥ភាគរយ ២៤.៥ភាគរយ និង ២៤.៤ភាគរយដោយឡែកពីគ្នា បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ល្បឿនកំណើនសុទ្ធតែបំបែកកំណត់ត្រាខ្ពស់បំផុត ក្នុងរយៈពេល ១០ឆ្នាំកន្លងមក។
ការប្រាស្រ័យទាក់ទងលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងតួអង្គសេដ្ឋកិច្ចសំខាន់ៗលើពិភពលោកក៏មានភាពកាន់តែជិតស្និទ្ធផងដែរ។ ពីខែមករា ដល់ខែកក្កដា ទំហំនាំចេញសរុបរបស់ប្រទេសចិន ទៅកាន់ទីផ្សានាំចេញជាប្រពៃណី ដូចជាប្រទេសអាមេរិក សហភាពអឺរ៉ុបនិងជប៉ុនជាដើមបានកើនឡើង ២២.៦ភាគរយ វាអាចមើលច្បាស់ថា សេដ្ឋកិច្ចចិន និងសេដ្ឋកិច្ចសកលបាន និងកំពុងរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅ ការងើបឡើងវិញនៃសេដ្ឋកិច្ចសកល វាត្រូវការកម្លាំងជំរុញរបស់ប្រទេសចិន។
និយាយចំពោះសេដ្ឋកិច្ចសកលនាពេលបច្ចុប្បន្ន ដែលពោរពេញទៅដោយភាពមិនប្រាកដប្រជា សេដ្ឋកិច្ចចិនបានរក្សាការងើបឡើងវិញប្រកបដោយស្ថិរភាព វាមានសារៈសំខាន់ណាស់។ ជាងនេះទៅទៀត ពិតមែនតែបានរងផលប៉ះពាល់ពីកត្តាជាច្រើន ដូចជាភាពផ្ទុយនឹងការធ្វើសកលភាវូបនីយកម្ម និងការពានិយមជាដើមក៏ដោយ ក៏ប៉ុន្តែទ្វាររបស់ប្រទេសចិនបានបើកទូលាយជាប់រហូតមក ហើយបានពង្រីកការបើកទូលាយឥតឈប់ឈរ ក្នុងន័យជួយសេដ្ឋកិច្ចសកលអាចងើបឡើងវិញ និងដកខ្លួនចេញពីឥទ្ធិពលដ៏អាក្រក់ នៃការរីករាលដាលនៃជំងឺកូវីដ១៩ផងដែរ។
ឧទាហរណ៍ដូចជា ក្នុងពិព័រណ៌ចិន និងប្រទេសអារ៉ាប់លើកទី ៥ ដែលកំពុងបើកធ្វើនៅប្រទេសចិន បានចុះហត្ថលេខាលើកិច្ចសន្យាសរុបចំនួន ២៧៧ ទំហំសរុបនៃការវិនិយោគ និងពាណិជ្ជកម្មតាមផែនការបានឡើងដល់ ១៥៦.៦៧ពាន់លានយាន់ប្រាក់ចិន។ បច្ចុប្បន្ននេះក្រុមហ៊ុនលំដាប់កំពូលទាំង ៥០០ លើពិភពលោក និងសហគ្រាសសំខាន់ៗដែលបានចុះកិច្ចសន្យា ដើម្បីចូលរួមពិព័រណ៌នាំចូលចិនអន្តរជាតិលើកទីបួន មានចំនួនច្រើនជាងលើកមុន ហើយអត្រាចូលរួមជាបន្តទៀតបានលើសពី ៨០ភាគរយ។
វាច្បាស់ណាស់ថា ប្រទេសចិនមិនត្រឹមតែបានរួមចំណែកដល់សេដ្ឋកិច្ចសកល នាពេលបច្ចុប្បន្ននេះប៉ុណ្ណោះទេ ថែមទាំងក៏នឹងរួមចំណែកក្នុងរយៈពេលវែងឆ្ងាយ នៅពេលអនាគតផងដែរ។ ជានិច្ចកាល ប្រទេសចិនបាន “ប្រកាន់ខ្ជាប់កិច្ចសហប្រតិបតិ្តការ មិនចាត់គោលនយោបាយអរិភាព ប្រកាន់ខ្ជាប់ការបើកទូលាយនិងមិនចាត់គោលនយោបាយបិទទ្វារ ប្រកាន់ខ្ជាប់ការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ មិនធ្វើការប្រកួតប្រជែងផលបូកសូន្យ ” ដូច្នេះ ប្រទេសចិនបានក្លាយជាអ្នកជំរុញដ៏សំខាន់ នៃការរួមគ្នាបើកទូលាយជាសកល៕ (#CCFR Comment#)