(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៣០,៨១០នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១៩៨នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៨,៥៤៥,១៤៤ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦៤៥,០៥៨នាក់ និងជាសះស្បើយឡើងសរុប ៣០.៤៧លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។
ចំពោះមុខការកើនឡើងនៃករណីឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ឡើងវិញនៅទូទាំងសហរដ្ឋអាមេរិក ការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី ៣ ត្រូវបានអនុម័តដោយរដ្ឋបាលលោក ចូ បៃដិន។ ក្រុមអ្នកជំនាញធ្លាប់បានព្រមានថា អត្រាករណីឆ្លង COVID-19 នៅទូទាំងសហរដ្ឋអាមេរិក នឹងលោតដល់ខ្ទង់ ២០០,០០០នាក់ក្នុងមួយថ្ងៃ នៅប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួន ៣៦2លានដូស ក្នុងនោះប្រជាជន ២០១លាននាក់ (៦១.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៧០.៤លាននាក់ទៀត (៥១.៩%) បានទទួលការចាក់គ្រប់ដូស ឬ ២ដូស៕