Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មនុស្ស៨នាក់ស្លាប់ និង៣នាក់បាត់ខ្លួន ក្រោយព្យុះហឺរីខិនវាយប្រហារប្រទេសម៉ិចស៉ីកូ

22-08-2021 09:05

(ម៉ិចស៉ីកូស៉ីធី)៖ មនុស្សយ៉ាងហោច៨នាក់ បានបាត់បង់ជីវិត និង៣នាក់បានបាត់ខ្លួន បន្ទាប់ពីព្យុះហឺរីខិនមួយឈ្មោះថា ហ្គ្រេស្ស (Grace) បានបោកបក់វាយប្រហារលើភាគខាងកើត នៃប្រទេសម៉ិចស៉ីកូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអាទិត្យ ទី២២ ខែសីហា ឆ្នាំ២០២១។

ព្យុះហឺរីខិន Grace ដែលជាព្យុះហឺរីខិនទីពីរ នៅតំបន់មហាសមុទ្រអាត្លង់ទិចប្រចាំរដូវកាលនេះ បានធ្វើដំណើរទៅដល់ម៉ិចស៉ីកូ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ជាមួយល្បឿនខ្យល់២០៥គីឡូម៉ែត្រក្នុងមួយម៉ោង។ វាបានបង្កការជន់លិចធ្ងន់ធ្ងរ នៅតំបន់ជាច្រើនកន្លែង ក្នុងរដ្ឋវេរ៉ាគ្រូស (Veracruz) ភាគខាងកើតប្រទេស។

គួរបញ្ជាក់ថា យោងតាមរបាយការណ៍ចុងក្រោយ របស់អាជ្ញាធរឧតុនិយមម៉ិចស៉ីកូ ព្យុះហឺរីខិន Grace ក៏បានថយចុះថាមពល និងត្រូវចាត់ថ្នាក់ត្រឹមជាព្យុះត្រូពិច ក្រោយមកដល់លើដីគោកបានប៉ុន្មានម៉ោង ហើយវាស្ថិតនៅចម្ងាយជាង៥០គីឡូម៉ែត្រ ពីភាគពាយព្យរដ្ឋធានីម៉ិចស៉ីកូស៉ីធី៕