(ហ្សឺណេវ)៖ ប្រធានគណៈកម្មការសហភាពអ៊ឺរ៉ុបលោកស្រី Ursula von der Leyen បាននិយាយថា សហភាពអឺរ៉ុបមិនទទួលស្គាល់ក្រុមតាលីបង់ទេ ហើយក៏មិនមានកិច្ចចរចានយោបាយជាមួយក្រុមនេះដែរ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Al-Jazeera នៅយប់ថ្ងៃសៅរ៍ ទី២១ ខែសីហា ឆ្នាំ២០២១។
ប្រធានប្រតិបត្តិសហភាពអឺរ៉ុបរូបនេះ បានលើកឡើងបែបនេះ បន្ទាប់ពីបានទៅទស្សនៈកិច្ចមជ្ឈមណ្ឌលទទួលជនភៀសខ្លួននៅទីក្រុងម៉ាឌ្រីត សម្រាប់បុគ្គលិកអាហ្វហ្គានីស្ថានរបស់ស្ថាប័នសហភាពអឺរ៉ុប ដែលត្រូវបានជម្លៀសចេញពីទីក្រុងកាប៊ុល។
លោកស្រី Von der Leyen បាននិយាយថា លោកស្រីនឹងស្នើបង្កើនចំនួនទឹកប្រាក់រហូតដល់ ៥៧លានអឺរ៉ូ ឬស្មើរនឹង ៦៧លានដុល្លារអាមេរិក សម្រាប់ជំនួយមនុស្សធម៌ដល់អាហ្វហ្គានីស្ថាននៅឆ្នាំនេះ ដែលគណៈកម្មការបានបម្រុងទុក៕