(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសៅរ៍នេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ រហូតដល់ ១១,៣២១ករណីបន្ថែមទៀត ដែលជាតួលេខឆ្លងប្រចាំថ្ងៃដ៏ខ្ពស់បំផុតមិនធ្លាប់មាន សម្រាប់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃសៅរ៍ ទី២១ ខែសីហា ឆ្នាំ២០២១។
ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ២២ករណីប៉ុណ្ណោះជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់ ៤,០៨៤នាក់។
ទោះជាយ៉ាងណា សម្រាប់របាយការណ៍ថ្ងៃសៅរ៍នេះ ក្រសួងសុខាភិបាលវៀតណាមមិនប្រកាសឲ្យដឹងអំពីចំនួនអ្នកស្លាប់ថ្មីទេ ដោយចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេសរក្សាត្រឹម ៧,៥៤០នាក់ដដែល។
សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៣៣៦,៧០៧នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១៤០,០៨៧នាក់ ខណៈចំនួនអ្នកស្លាប់ ៧,៥៤០នាក់៕