(ញូដេលី)៖ អាជ្ញាធរនិយ័តករឱសថឥណ្ឌាបានអនុម័តហើយនូវវ៉ាក់សាំងបង្ការ COVID-19 ប្រភេទ DNA ដំបូងគេបំផុតនៅលើពិភពលោក សម្រាប់ការប្រើប្រាស់បន្ទាន់។ នេះបើតាមការដកស្រង់ផ្សាយពីសារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី២១ ខែសីហា ឆ្នាំ២០២១។
វ៉ាក់សំាងខាងលើដែលមានឈ្មោះថា ZyCoV-D គឺជាប្រភេទវ៉ាក់សាំងផលិតឡើងតាមបច្ចេកវិទ្យា DNA ឬ RNA។ វ៉ាក់សាំងនេះប្រើប្រាស់ផ្នែកមួយនៃ សម្ភារហ្សែន (genetic material) របស់វីរុស ដើម្បីជំរុញឱ្យ DNA ឬ RNA បង្កើតប្រូតេអ៉ីនជាក់លាក់ដែលអាចជួយភ្ញោចឱ្យប្រព័ន្ធភាពសុំាធ្វើការឆ្លើយតប ទៅនឹងវីរុស។
ក្រមហ៊ុន Cadila Healthcare ដែលជាអ្នកអភិវឌ្ឍវ៉ាក់សាំង ZyCoV-D បានឱ្យដឹងថាវ៉ាក់សាំងនេះមានប្រសិទ្ធភាព ៦៦ភាគរយប្រឆាំងនឹង COVID-19 ហើយ ក្រុមហុនមានផែនការផលិតឱ្យបាន ១២០លានដូសជារៀងរាល់ឆ្នាំ។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរនិយ័តករឱសថឥណ្ឌា វ៉ាក់សាំង ZyCoV-D ដែលតម្រូវឱ្យចាក់ ៣ដូស នឹងត្រូវចាក់ជូនប្រជាជនឥណ្ឌាពេញវ័យ និងកុមារ មានអាយុចាប់ពី ១២ឆ្នាំឡើងទៅ។ វ៉ាក់សាំង ZyCoV-D គឺជាវ៉ាក់សាំង COVID-19 ផលិតនៅក្នុងស្រុកទី២របស់ឥណ្ឌា បន្ទាប់ពីវ៉ាក់សាំង Covaxin៕