(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៥១,១០៨នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,០៥៩នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែសីហា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៨,៣៩៨,៥៩៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦៤៤,២៨១នាក់ និងជាសះស្បើយឡើងសរុប ៣០.៤៤លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។
ចំពោះមុខការកើនឡើងនៃករណីឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ឡើងវិញនៅទូទាំងសហរដ្ឋអាមេរិក ការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី ៣ ត្រូវបានអនុម័តដោយរដ្ឋបាលលោក ចូ បៃដិន បើទោះបីជាមានសំនួរជាច្រើន ត្រូវបានចោទឡើង អំពីភាពចាំបាច់នៃការធ្វើបែបនេះក៏ដោយ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួន ៣៦០លានដូស ក្នុងនោះប្រជាជន ១៩៩.៨៨លាននាក់ (៦០.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៦៩.៦លាននាក់ទៀត (៥១.៧%) បានទទួលការចាក់គ្រប់ដូស ឬ ២ដូស៕