(ម៉ានីល)៖ ប្រទេសហ្វីលីពីនបានរាយការណ៍ពីចំនួនអ្នកឆ្លងកូវីដ១៩ ថ្មីប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាននៅថ្ងៃសុក្រនេះ ខណៈដែលអាជ្ញាធរបានសម្រេចបន្ធូរបន្ថយការបិទខ្ទប់ទីក្រុង ដើម្បីអនុញ្ញាតឱ្យអាជីវកម្មកាន់តែច្រើនដំណើរការឡើងវិញ និងកាត់បន្ថយការលំបាកផ្នែកហិរញ្ញវត្ថុរបស់គ្រួសារក្រីក្រ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១។
មនុស្សជាង ១៣លាននាក់នៅក្នុងរដ្ឋធានី បានស្ថិតក្រោមវិធានការបិទខ្ទប់កាលពីថ្ងៃទី០៦ ខែសីហា ខណៈវីរុសបំប្លែងខ្លួនថ្មី Delta ដែលមានសន្ទុះឆ្លងរីករាលលឿននោះបានធ្វើឲ្យចំនួនករណីឆ្លងកើនឡើងយ៉ាងគំហុក។
ទោះជាយ៉ាងណា ក្រុមការងារប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ កាលពីថ្ងៃព្រហស្បតិ៍បានយល់ព្រមអនុញ្ញាតឱ្យអាជីវកម្មជាច្រើនបើកទ្វារឡើងវិញចាប់ពីថ្ងៃសៅរ៍សប្តាហ៍នេះ។ ប៉ុន្តែបទបញ្ជាឲ្យស្ថិតនៅផ្ទះសម្រាប់អ្នកធ្វើការងារដែលមិនចាំបាច់ នឹងនៅតែមាន ហើយការញ៉ាំអាហារនៅភោជនីយដ្ឋានក៏នៅតែត្រូវបានហាមឃាត់ផងដែរ។
គួរបញ្ជាក់ថា ការសម្រេចចិត្តបន្ធូរបន្ថយការរឹតត្បិតនេះ បានកើតឡើងចំពេលដែលចំនួននៃករណីងថ្មីប្រចាំថ្ងៃបានកើនឡើងដល់ ១៧,២៣១ករណីនៅថ្ងៃសុក្រនេះ ដែលជាតួលេខច្រើនបំផុតមិនធ្លាប់មាន ដែលធ្វើឱ្យចំនួនសរុប នៃអ្នកកូវីដ១៩ របស់ប្រទេសកើនឡើងដល់ជាង ១.៨លានករណី៕