(វ៉ាលីងតោន)៖ រដ្ឋាភិបាលរបស់ប្រទេសនូវែលសេឡង់ នៅថ្ងៃសុក្រនេះបានប្រកាសពង្រីកវិធានការបិទខ្ទប់នៅទូទាំងប្រទេសរបស់ខ្លួនរយៈពេល ០៤ថ្ងៃបន្ថែមទៀត បន្ទាប់ពីប្រទេសនេះបានរាយការណ៍ពីការរកឃើញករណីឆ្លងវីរុស COVID-19 បំប្លែងខ្លួន Delta ថ្មីៗចំនួន ១១ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនសរុបកើនឡើងដល់ ៣១ករណី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានតួកគី Anadolu Agency (AA) នៅថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១។
នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី ចេស៉ីនដា អាដឺន (Jacinda Ardern) បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា ការពង្រីកនេះមានន័យថាយើងនឹងមានពេលវេលា បន្ថែមទៀត ដើម្បីវាយតម្លៃថាតើប្រទេសយើងបានរងផលប៉ះពាល់ប៉ុណ្ណាដោយសារវីរុសនេះ។
លោកស្រី Ardern បាននិយាយថា «យើងមិនទាន់ដឹងទេថា ការឆ្លងរីករាលដាលនៃវីរុសបំប្លែងខ្លួន Delta នៅក្នុងប្រទេសយើងមានទំហំប៉ុណ្ណា។ ទាំងអស់នេះបានប្រាប់ យើងថាយើងត្រូវតែបន្តការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត»។ លោកស្រីបាននិយាយបន្ថែមថា «វាជាការប្រសើរក្នុងការកាពារខ្លួនយើងនៅពេលនេះ...ជាជាងអនុញ្ញាតឱ្យ វីរុសនេះឆ្លងរីករាលដាលយ៉ាងងាយស្រួលនៅក្នុងប្រទេសយើង»។
គួរបញ្ជាក់ថា ការសម្រេចចិត្តខាងលើនេះ បានធ្វើឡើងបន្ទាប់ពីអាជ្ញាធរសុខាភិបាលនូវែលសេឡង់ បានរាយការណ៍ពីការរកឃើញករណីឆ្លងវីរុសបំប្លែងខ្លួន Delta ជាលើកដំបូងនៅលើអ្នកដំណើរម្នាក់ដែលបានវិលត្រឡប់ចូលមកកាន់ប្រទេសនេះវិញពីរដ្ឋញូសោតវែលស៍ (New South Wales) ប្រទេសអូស្ត្រាលី កាលពីដើមសប្តាហ៍នេះ។
បើតាមទិន្នន័យរបស់ក្រសួងសុខាភិបាលនូវែលសេឡង់ រហូតមកទល់ពេលនេះ ប្រទេសនូវែលសេឡង់ បានកត់ត្រានូវករណីឆ្លង COVID-19 សរុបចំនួន ២,៩៦៨ករណី ក្នុងនោះមានអ្នកស្លាប់ ២៦នាក់នៅក្នុងចំណោមប្រជាជនប្រហែល ៥លាននាក់ ខណៈមនុស្សប្រហែល ១.៦លាននាក់ហើយ បានទទួលការចាក់វ៉ាក់សាំងដូសដំបូង និងប្រហែល ៩៦៣,០០០នាក់ទៀត បានទទួលការចាក់វ៉ាក់សាំងពេញលេញ៕