(គូឡាឡាំពួ)៖ លោក អ៉ីស្មែល សាប្រ៊ី យ៉ាអាខូប (Ismail Sabri Yaakob) ត្រូវបានអ្នកវិភាគនយោបាយម៉ាឡេស៊ី ទាយទុកមុនរួចទៅហើយថា នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មី នៃប្រទេសអាស៊ានមួយនេះបន្ទាប់ពីលោក មូហ៍យីដទីន យ៉ាស់ស៊ីន (Muhyiddin Yassin) និងគណៈរដ្ឋមន្ត្រីរបស់លោកទាំងមូល បានសម្រេចចិត្តលាលែងចេញពីតំណែង កាលពីថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១។

មិនខុសពីការវិភាគនោះឡើយ ដោយនៅរសៀលថ្ងៃសុក្រ ទី២០ ខែសីហា លោកត្រូវបានព្រះមហាក្សត្រម៉ាឡេស៊ី សម្រេចព្រះទ័យតែងតាំងជានាយករដ្ឋមន្ត្រីថ្មី ដែលនឹងត្រូវស្បថឡើងកាន់តំណែងនៅថ្ងៃសៅរ៍ ទី២១ ខែសីហា តែមួយថ្ងៃប៉ុណ្ណោះក្រោយការតែងតាំង។ ទោះជាលោក Ismail Sabri នឹងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីក្តី ក៏បញ្ហាប្រឈមជាច្រើនដូចជា សេដ្ឋកិច្ច និងជំងឺរាតត្បាតសកល COVID-19 ពិតណាស់នឹងក្លាយជាឧបសគ្គធំបំផុត ដែលលោកត្រូវដោះស្រាយ។

លោក Ismail Sabri បានចូលប្រឡូកក្នុងឆាកនយោបាយ អស់រយៈពេលជាង ២០ឆ្នាំមកហើយ ដោយនៅក្នុងតំណែងជាសមាជិកសភារបស់គណបក្សលោក Muhyiddin Yassin លោក Ismail ត្រូវបានជំរុញឲ្យធ្វើជាទេសរដ្ឋមន្ត្រី ហើយក្រោយមកទៀតទើបលោក បានឡើងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ីតែម្តង។

* ជីវប្រវត្តិសង្ខេបលោក Ismail Sabri Yaakob

- ថ្ងៃខែឆ្នាំកំណើត៖ ថ្ងៃទី១៨ ខែមករា ឆ្នាំ១៩៦០ (អាយុ ៦១ឆ្នាំ)
- ស្រុកកំណើត៖ ស្រុក ទែមើឡោះ (Temerloh) នៃរដ្ឋ ប៉ាហាង (Pahang)
- កម្រិតសិក្សា៖ សិក្សាថ្នាក់បឋមសិក្សារហូតដល់វិទ្យាល័យនៅរដ្ឋ Pahang រួចទើបទៅបន្តការសិក្សាផ្នែកច្បាប់ នៅឯសាកលវិទ្យាល័យម៉ាឡាយ៉ា (Universiti Malaya) នៃទីក្រុងគូឡាឡាំពួ។

* ដំណើរចូលឆាកនយោបាយ និងបទពិសោធន៍ការងាររដ្ឋ

- មុនចូលប្រឡូកក្នុងកិច្ចការនយោបាយ លោក Ismail Sabri Yaakob ធ្លាប់ធ្វើជាមេធាវីឲ្យស្ថាប័នកំពូលៗរបស់រដ្ឋដូចជា អាជ្ញាធរអភិវឌ្ឍរដ្ឋ Pahang, គណៈលើកស្ទួយការអភិវឌ្ឍវិស័យទេសចរណ៍ម៉ាឡេស៊ី និងទីភ្នាក់ងារលើកស្ទួយកីឡាជាតិជាដើម។

- លោក Ismail Sabri Yaakob ធ្លាប់កាន់តំណែងដំបូងជារដ្ឋមន្ត្រី កាលពីឆ្នាំ២០០៨ ដោយកាលណោះលោកគឺជារដ្ឋមន្ត្រីក្រសួងយុវជន និងកីឡា នៃរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី អាប់ឌុលឡោះ បាតាវី (Tun Abdullah Badawi)។

- លោក Ismail Sabri Yaakob ហាក់មានបទពិសោធន៍ចំរុះ ដោយធ្លាប់កាន់តំណែងកំពូលៗជាច្រើនដូចជា៖ ឆ្នាំ ២០០៩-២០១៣ លោកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក្នុងស្រុក និងកិច្ចការអតិថិជន, ចាប់ពីឆ្នាំ ២០១៣-២០១៥ ជារដ្ឋមន្ត្រីក្រសួងកិសិឧស្សាហម្ម និងកសិកម្ម ហើយដោយឡែកចាប់ពីឆ្នាំ ២០១៥-២០១៨ លោកគឺជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍថ្នាក់តំបន់ និងជនបទ។

- បន្ទាប់ពីឆ្នាំ២០១៨ លោកបានជួបប្រទះបញ្ហាចម្រូងចម្រាស់មួយចំនួន ទាក់ទងនឹងបញ្ហាបង្កឡើងមកពីការបង្កើតផ្សារឌីជីថល (MARA Digital Mall) ដែលនាំឲ្យមានការប្រកួតប្រជែងគ្នាជាមួយផ្សារ Low Yat Plaza។ បញ្ហានេះបានធ្វើឲ្យលោក បាត់មុខពីឆាកនយោបាយមួយរយៈ។

* ការវិលត្រឡប់ចូលរដ្ឋាភិបាលវិញ

លោក Ismail Sabri បានត្រឡប់ចូលកាន់តំណែងជាថ្មីក្នុងជួរគណៈរដ្ឋមន្រ្តី ក្រោមក្របខណ្ឌនៃសម្ពន្ធគណបក្សថ្មី ដែលត្រូវដឹកនាំរដ្ឋាភិបាលហៅថា ភែរីកាតាន់ ណាស៊ិនណាល់ (Perikatan Nasional ឬ PN) ដែលជាការរួមសំឡេងគ្នារវាងគណបក្ស ប៊ឺសាទុ (Bersatu), គណបក្ស PAS, និងសម្ពន្ធគណបក្ស បារីសាន់ ណាស៊ិនណាសល់ (Barisan Nasional)។

លោក Ismail Sabri ស្ថិតក្នុងចំណោមទេសរដ្ឋមន្រ្តីចំនួន ០៤រូប ដែលត្រូវបានតែងតាំង ដោយ ០៣រូបទៀតគឺលោក ម៉ូហាំម៉េដ អាស្មីន អាលី (Mohamed Azmin Ali) ជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច, លោក ហ្វាទីលឡោះ យូសូហ្វ (Fadillah Yusof) ជារដ្ឋមន្រ្តីក្រសួងការងារ, និងលោក ម៉ូដ រ៉ាដហ្ស៊ី ហ៊ីទីន (Mohd Radzi Md Jidin) ជារដ្ឋមន្រ្តីក្រសួងអប់រំ ខណៈរូបលោកគឺជារដ្ឋមន្រ្តីក្រសួងសន្តិសុខ។ ក្រោយការផ្ទុះឡើងនូវជំងឺ COVID-19 ក្នុងប្រទេសម៉ាឡេស៉ី លោក Ismail ក៏បានក្លាយជាអ្នកនាំពាក្យសំខាន់មួយរូប របស់រដ្ឋាភិបាលផងដែរ។

* ការឡើងជាឧបនាយករដ្ឋមន្រ្តី

ការឡើងតំណែងជាឧបនាយករដ្ឋមន្រ្តីរបស់លោក Ismail Sabri គឺមានរយៈពេលខ្លីប៉ុណ្ណោះ ដោយសារតែលោកត្រូវបានតែងតាំង ចំពេលមួយដែលគណបក្ស UMNO (United Malays National Organisation) ដែលជាបក្សធំជាងគេនៅក្នុងសម្ពន្ធ Barisan Nasional ត្រៀមដកការគាំទ្រចេញពីសម្ពន្ធបក្សកាន់អំណាច Perikatan Nasional ទៅហើយ។ លោក Ismail ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១។ ប៉ុន្តែកាលពីថ្ងៃទី១៦ ខែសីហា ដើមសប្តាហ៍នេះ លោក Muhyiddin Yassin និងគណៈរដ្ឋមន្រ្តី បានសម្រេចលាលែងពីតំណែង ក្រោយទទួលស្គាល់ថា មិនមានសំឡេងគាំទ្រគ្រប់គ្រាន់ក្នុងសភា។

គួរបញ្ជាក់ថា ព្រះមហាក្សត្រម៉ាឡេស៊ីបានសម្រេចព្រះទ័យតែងតាំង លោក អ៉ីស្មែល សាប្រ៊ី យ៉ាអាខូប (Ismail Sabri Yaakob) ជានាយករដ្ឋមន្ត្រីថ្មី ដើម្បីបិទបញ្ចប់ជម្លោះនយោបាយដ៏រុំារ៉ៃ ដែលប្រទេសអាស៊ានមួយនេះបានជួបប្រទះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bloomgerg នៅមុននេះបន្តិច នារសៀលថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១។

បើតាមសេចក្តីថ្លែងការណ៍ពីព្រះបរមរាជវាំងម៉ាឡេស៊ី លោក Ismail Sabri នឹងស្បថចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃសៅរ៍ ទី២១ ខែសីហា ស្អែកនេះ។ ការសម្រេចព្រះទ័យជ្រើសតាំងលោក Ismail Sabri ធ្វើជានាយករដ្ឋមន្ត្រី បានកើតមានឡើងក្រោយពីព្រះមហាក្សត្រម៉ាឡេស៊ី ព្រះចៅ អាប់ឌុលឡោះ បានរាជានុញ្ញាតឲ្យមន្ត្រីរាជការចូលគាល់ និងពិភាក្សាអំពីបញ្ហានយោបាយនានា៕

ប្រភព៖ សារព័ត៌មានម៉ាឡេស៊ី The Rakyat Post (ថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១)