(ម៉ូស្គូ)៖ មូលនិធិវិនិយោគផ្ទាល់នៃប្រទេសរុស្ស៊ី (RDIF) បានប្រកាសនៅថ្ងៃសុក្រនេះថា ការធ្វើតេស្តចាក់វ៉ាក់សាំងឆ្លាស់គ្នារវាងវ៉ាក់សាំង AstraZeneca របស់អង់គ្លេស និងវ៉ាក់សាំង Sputnik Light របស់រុស្ស៊ីផ្ទាល់ បានបង្ហាញឲ្យឃើញពីការជំរុញ ប្រព័ន្ធភាពសុំាកម្រិតខ្ពស់ ប្រឆាំងនឹងវីរុស COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នារសៀលថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១។
លទ្ធផលបឋមខាងលើនេះ គឺត្រូវបានបញ្ចេញបន្ទាប់ពីការធ្វើតេស្ត បានចាប់ផ្តើមប្រព្រឹត្តទៅនៅប្រទេស អាហ្សែបៃហ្សង់ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១។ ជាលទ្ធផលបឋមមិនទាន់ផ្លូវការ ការចាក់វ៉ាក់សាំងឆ្លាស់គ្នារវាង AtraZeneca និង Sputnik Light ត្រូវបានគេអះអាងថា អាចជំរុញប្រព័ន្ធភាពសុំាក្នុងកម្រិតខ្ពស់ ប្រឆាំងនឹងវីរុស SARS-CoV-2។ បន្ថែមពីនេះ ក្នុងចំណោមអ្នកស្ម័គ្រចិត្តចូលរួមទាំង ២០នាក់នោះ មិនបានកើតមានប្រតិកម្មមិនល្អ ដោយសារតែដំណើរការធ្វើតេស្តនេះឡើយ។
គួរបញ្ជាក់ថា គេនៅមិនទាន់ដឹងអំពីកាលបរិច្ឆេទ ដែលលទ្ធផលផ្លូវការនៃការធ្វើតេស្ត ការវ៉ាក់សាំងឆ្លាស់គ្នាខាងលើនេះ ត្រូវបញ្ចេញនោះឡើយ។ ទោះជាយ៉ាងណា អង្គការសុខភាពពិភពលោក (WHO) ធ្លាប់បានចេញសារព្រមានជាច្រើនដងរួចមកហើយ អំពីចេតនារបស់ប្រទេសមួយចំនួនតូច ដែលចង់ពិសោធន៍អំពីការចាក់វ៉ាក់សាំងឆ្លាស់គ្នានេះ ដោយ WHO បានចាត់ទុកថា ជាទង្វើគ្រោះថ្នាក់បំផុត៕