(វៀងចន្ទន៍)៖ ប្រទេសឡាវ នៅថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការបន្តរកឃើញ ករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន ៤៤០ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន គិតចាប់តាំងពីមានការឆ្លងរាតត្បាតនៃជំងឺនេះ ជាលើកដំបូងនៅក្នុងប្រទេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានឡាវ The Laotian Times។
បើតាមលោកវេជ្ជបណ្ឌិត Sisavath Soutthanalaxay ក្នុងចំណោមករណីឆ្លងជំងឺ COVID-19 ថ្មីៗខាងលើនេះ ៧៥ករណីជាករណីឆ្លងក្នុងសហគមន៍ ក្នុងនោះរួមមាន ៥៨ករណីត្រូវបានរកឃើញនៅក្នុងខេត្តសុវណ្ណាខេត្ត (Savannakhet), ១៣ករណីនៅក្នុងខេត្តបូកែវ (Bokeo), ០៣ករណីនៅក្នុងខេត្ត Luang Namtha និង ០១ករណីទៀតនៅក្នុងខេត្តសេកុង (Sekong)។
ចំណែកឯ ៣៦៥ករណីផ្សេងទៀតជាករណីនាំចូល ក្នុងនោះរួមមាន ១១៤ករណីត្រូវបានរកឃើញនៅក្នុងខេត្តចម្ប៉ាសាក់ (Champasak), ១០១ករណីនៅក្នុងរដ្ឋធានីវៀងច័ន្ទ (Vientiane), ៧៧ករណីនៅក្នុងខេត្ត Savannakhet, ៤៥ករណីនៅក្នុងខេត្តខាំមួន (Khammuane), ២៣ករណីនៅក្នុងខេត្ត Salavanh, ០៤ករណីនៅក្នុងខេត្ត Xayaboury, និង ០១ករណីទៀតនៅក្នុងខេត្តហ្លួង ព្រះបាង (Luang Prabang)។
ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ០២នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ដែលម្នាក់ជាបុរសមានអាយុ ៥៥ឆ្នាំ និងម្នាក់ទៀតជាស្រ្តីមានអាយុ ២១ឆ្នាំ។
គួរបញ្ជាក់ថា ប្រទេសឡាវបានរាយការណ៍ពីការរកឃើញ ករណីឆ្លងជំងឺ COVID-19 ចំនួន ០២ករណីជាលើកដំបូងកាលពីថ្ងៃទី២៤ ខែមីនាកន្លងទៅនេះ ហើយរហូតមកទល់ពេលនេះ បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ១១,៧៥៣ករណី ក្នុងនោះមានអ្នកស្លាប់ ១១នាក់៕