(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ ឥស្សរជនមួយរូបដែលដឹងច្បាស់ពីការស៊ើបអង្កេតរក ប្រភពដើមនៃវីរុសជំងឺកូវីដ១៩ របស់សហរដ្ឋអាមេរិក បានបង្ហើបដំណឹងទៅកាន់ប្រព័ន្ធសារព័ត៌មានថា អ្វីដែលហៅថា ការស៊ើបអង្កេតនៃស្ថាប័នស៊ើបការណ៍អាមេរិក នៅតែមិនបានទទួលការវិវឌ្ឍរីកចម្រើនជាក់ស្តែងនៅឡើយ ប៉ុន្តែថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាលអាមេរិកបានយល់ឃើញថា ការស៊ើបអង្កេតមិនមែនជាគោលបំណងនោះទេ ពីព្រោះការជំរុញការស៊ើបអង្កេតក៏មានអត្ថន័យផងដែរ ដែលអាចឆ្លៀតឱកាសនេះ ដើម្បីចំណាយធនធានការទូតរបស់ភាគីចិន ក៏ដូចជាបង្កើនថ្នូរនយោបាយរបស់អាមេរិក ក្នុងការបដិបក្ខគ្នាជាមួយប្រទេសចិន។ ប្រការនេះបានធ្វើឱ្យពិភពលោកឃើញច្បាស់ថា បើប្រៀបធៀបនឹងវីរុសជំងឺកូវីដ១៩ «វីរុស» ដែលមានភាពកាន់តែកាចសាហាវ គឺភេរវនិយមក្នុងការតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ របស់ភាគីអាមេរិក។
ចាប់តាំងពីបានផ្ទុះជំងឺកូវីដ១៩មក មនុស្សមួយចំនួនរបស់សហរដ្ឋអាមេរិក បានផ្សព្វផ្សាយពាក្យសម្តីបន្តុះបង្អាប់ប្រទេសដទៃ តាមរយៈវីរុសនិងបង្កការគំរាមកំហែង និងអនុត្តរភាពយ៉ាងគឃ្លើន។ ទង្វើ «ភេរវនិយមក្នុងការតាមដានរកប្រភពដើមនៃវីរុសជំងឺកូវីដ១៩» គ្រប់បែបយ៉ាងបានបំពានខ្សែបន្ទាត់ក្រហមគុណធម៌ និងល្មើសនឹងចំណេះដឹងវិទ្យាសាស្ត្រ ដែលបណ្តាលឱ្យមានគ្រោះថ្នាក់យ៉ាងខ្លាំង ចំពោះកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ជាសកល។ ក្រោមការដាក់សម្ពាធរបស់ភាគីអាមេរិក ផែនការស្តីពីការតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ ដំណាក់កាលទីពីរដែលលេខាធិការដ្ឋាននៃអង្គការសុខភាពពិភពលោក បានដាក់ចេញនាពេលថ្មីៗកន្លងទៅនេះ ដើម្បីឱ្យរដ្ឋសមាជិកពិគ្រោះពិភាក្សា គឺបាត់បង់ស្មារតីវិទ្យាសាស្ត្រ និងកិច្ចសហប្រតិបត្តិការ ដែលបានធ្វើឱ្យការតាមដានរកប្រភពដើម នៃវីរុសក្លាយជាបញ្ហានយោបាយ។
ពេលថ្មីៗកន្លងទៅនេះ ប្រទេសជាង ៧០ បាននាំគ្នាសម្តែងការគាំទ្រចំពោះ សមិទ្ធផលសិក្សាស្រាវជ្រាវរកប្រភពដើមនៃវីរុសកូវីដ១៩ ដំណាក់កាលទីមួយតាមរយៈរបៀបដូចជា ការផ្ញើសារលិខិតជូន អគ្គនាយកអង្គការសុខភាពពិភពលោក ការចេញផ្សាយសេចក្តីថ្លែងការណ៍ និងការផ្ញើកំណត់ទូតជាដើម ដើម្បីប្រឆាំងការធ្វើឱ្យបញ្ហាតាមដានរកប្រភពដើម នៃវីរុសទៅជាបញ្ហានយោបាយ។ សហគមន៍អន្តរជាតិកាន់តែស្គាល់ឱ្យបានច្បាស់ថា “ភេរវនិយមក្នុងការតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩” នឹងបង្កជាផលប៉ះពាល់យ៉ាងខ្លាំងដល់ទូទាំងពិភពលោក។
មួយផ្នែក ភាគីអាមេរិកបានលេងកលល្បិចនយោបាយយ៉ាងគឃ្លើន ដើម្បីរារាំងមជ្ឈដ្ឋានវិទ្យាសាស្ត្រពិភពលោក រកឃើញប្រភពដើមនៃវីរុសកូវីដ១៩ និងធ្វើឱ្យប៉ះពាល់ដល់ដំណើរយកឈ្នះលើជំងឺកូវីដ១៩ ដោយអាវុធវិទ្យាសាស្ត្ររបស់មនុស្សជាតិ នេះគឺជាទង្វើមិនទទួលខុសត្រូវយ៉ាងខ្លាំងចំពោះសុខភាពនិងអាយុជីវិតរបស់ប្រជាជនទូទាំងពិភពលោក។ មួយផ្នែកទៀត អ្នកនយោបាយមួយចំនួនរបស់សហរដ្ឋអាមេរិក ប៉ុនប៉ងធ្វើឱ្យប្រទេសចិនរហូតដល់បណ្តាប្រទេសអាស៊ី ផ្សារភ្ជាប់ជាមួយនឹងប្រភពដើមនៃវីរុសកូវីដ១៩ ដែលបានបង្កើនការរើសអើងនិងស្អប់ខ្ពើមពូជសាសន៍។
ការតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ជាបញ្ហាវិទ្យាសាស្ត្រ មិនត្រូវមានទំនាក់ទំនងជាមួយនយោបាយនោះទេ ហើយក៏កាន់តែមិនត្រូវធ្វើឱ្យសហគមន៍អន្តរជាតិ ដើរទៅរកភាពបែកបាក់គ្នាផងដែរ។ ពេលថ្មីៗកន្លងទៅនេះ ធនាគារគំនិត CGTN ដែលស្ថិតនៅក្រោមឱវាទអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានប្រកាសរបាយការណ៍ ស្តីពីការស្ទង់ប្រជាមតិសកលបានបង្ហាញថា អ្នកប្រើបណ្តាញអ៊ីនធើណេត ដែលចូលរួមផ្តល់ប្រជាមតិចំនួន ៨០ភាគរយបានសម្គាល់ថា បញ្ហាតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ បានក្លាយជាកិច្ចការនយោបាយហើយ មានអ្នកប្រើបណ្តាញអ៊ីនធើណេត ដែលចូលរួមផ្តល់ប្រជាមតិ ៨៣.១ភាគរយគាំទ្រអង្គការសុខភាពពិភពលោក ធ្វើការស៊ើបអង្កេតរកប្រភពដើមនៃវីរុសជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក។
នេះជាសេចក្តីអំពាវនាវរួមរបស់ប្រជាជនពិភពលោក។ សហគមន៍អន្តរជាតិមិនត្រឹមតែត្រូវតាមដានរក ប្រភពដើមនៃវីរុសកូវីដ១៩ប៉ុណ្ណោះទេ ថែមទាំងក៏ត្រូវតាមដានរកប្រភពដើម នៃវីរុសនយោបាយដូចជា «ភេរវនិយមក្នុងការតាមដានរកប្រភពដើមនៃវីរុសជំងឺកូវីដ១៩» បែបនេះផងដែរ!៕ (#CCFR Comment#)