(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៥៤,៩១៧នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៩៦៧នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៨,២៣១,៧៨៧ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦៤៣,១១២នាក់ និងជាសះស្បើយឡើងសរុប ៣០.៤លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

ចំពោះមុខការកើនឡើងនៃករណីឆ្លងជំងឺ COVID-19 នៅទូទាំងសហរដ្ឋអាមេរិក រដ្ឋចំនួន ០៥ ត្រូវបានគេរាយការណ៍ កំពុងមើលឃើញកំណើនអ្នកជំងឺ ចូលសម្រាកនៅក្នុងមន្ទីរពេទ្យមានដូចជា រដ្ឋ ផ្លររីដា (Florida), ល្វីស្យ៉ាណា (Louisiana), ហាវ៉ៃ (Hawaii), អូរ៉េហ្គន (Oregon) និង មីស៊ីស៊ីពពី (Mississippi)។ រដ្ឋទាំង ០៥ នេះក៏ទើបតែជួបប្រទះចំណុចកំពូលថ្មី នៃចំនួនករណីឆ្លង COVID-19 ប្រចាំថ្ងៃផងដែរ។ ដោយឡែកអត្រាឆ្លង COVID-19 នៅតាមពន្ធនាគារបានកើនឡើង ៣៤%។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួន ៣៥៩លានដូស ក្នុងនោះប្រជាជន ១៩៩.៣២លាននាក់ (៦០.៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៦៩.១៨លាននាក់ទៀត (៥១.៥%) បានទទួលការចាក់គ្រប់ដូស ឬ ២ដូស៕