(អឺរ៉ុប)៖ បណ្តាប្រទេសសេដ្ឋកិច្ចធំៗ G7 ដែលមានដូចជា ចក្រភពអង់គ្លេស, កាណាដា, បារាំង, អាល្លឺម៉ង់, អ៉ីតាលី, ជប៉ុន និងសហរដ្ឋអាមេរិក កំពុងតែជំរុញឲ្យមានកិច្ចសហប្រតិបត្តិការ នៅក្នុងការជម្លៀសប្រជាជន និងកងកម្លាំងរបស់ពួកគេ ចេញពីប្រទេសអាហ្វហ្គានីស្ថាន ព្រមទាំងដោះស្រាយវិបត្តិជនភៀសខ្លួន ដែលកំពុងតែកើនឡើងឥតឈប់ឈរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នាព្រឹកថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១។
បណ្តារដ្ឋមន្ត្រីការបរទេសនៃប្រទេស G7 រួមទាំងតំណាងជាន់ខ្ពស់មកពីសហភាពអឺរ៉ុប (EU) បានជួបប្រជុំគ្នាតាមប្រព័ន្ធវីដេអូអនឡាញ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើ ម្បីពិភាក្សាអំពីស្ថានការណ៍តានតឹង ដែលបាននិងកំពុងកើតមានឡើង នៅប្រទេសអាហ្វហ្គានីស្ថានដូចជា ការបាត់បង់អាយុជីវិតមនុស្ស និងការជម្លៀសប្រជាជន ចាប់តាំងពីក្រុមតាលីបង់បានចូលគ្រប់គ្រងរដ្ឋធានីកាប៊ុល កាលពីថ្ងៃអាទិត្យ ទី១៥ ខែសីហា ឆ្នាំ២០២១។
បើតាមរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក ដូមីនិក រ៉ាអ៊ែប (Dominic Raab) ដែលជាប្រធាននៃកិច្ចប្រជុំខាងលើនេះ បណ្តាប្រទេស G7 បានសម្រេចចិត្តគាំទ្រចំពោះ សេចក្តីថ្លែងការណ៍ចេញដោយ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ (ពេលវេលានៅបុរីញូយ៉ក)។ នៅក្នុងន័យនេះ ក្រុមប្រទេស G7 បានប្តេជ្ញាចិត្តធ្វើការងាររួមគ្នា ដើម្បីជំរុញឲ្យមានការបញ្ឈប់់អំពើហិង្សា, គោរពសិទ្ធិមនុស្ស ស្ត្រី និងកុមារ ព្រមទាំងការចរចាគ្នារវាងដៃគូពាក់ព័ន្ធ ដើម្បីអនាគតរបស់អាហ្វហ្គានីស្ថាន៕