(វ៉ាស៉ីនតោន)៖ ដំណើរទស្សនកិច្ចនាពេលខាងមុខនេះ របស់អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) ទៅកាន់ប្រទេសវៀតណាម និងសិង្ហបុរី នឹងបង្ហាញពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះសេរីភាព និងការបើកចំហតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ខណៈសហរដ្ឋអាមេរិកកំពុងស្វែងរក ការគាំទ្រពីអន្តរជាតិ ដើម្បីទប់ទល់នឹងឥទ្ធិពលចិន ដែលកំពុងកើនឡើងជុំវិញពិភពលោក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១។

ដំណើរទស្សនកិច្ចរបស់លោកស្រី Harris ទៅកាន់តំបន់អាស៊ី គឺមានគោលបំណងបង្កើតទំនាក់ទំនងកាន់តែស៊ីជម្រៅ ជាមួយបណ្តាសម្ព័ន្ធមិត្តនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលសហរដ្ឋអាមេរិកចាត់ទុកថា ជាគន្លឹះក្នុងការត្រួតពិនិត្យការពង្រីកប្រទេសចិន។

មន្រ្តីជាន់ខ្ពស់ម្នាក់នៅសេតវិមាន បានគូសបញ្ជាក់ប្រាប់សារព័ត៌មាន Reuters កាលពីដើមខែសីហានេះថា អនុប្រធានាធិបតីអាមេរិក នឹងផ្តោតអារម្មណ៍ទៅលើការការពារច្បាប់អន្តរជាតិ នៅតំបន់សមុទ្រចិនខាងត្បូង ការពង្រឹងការដឹកនាំក្នុងតំបន់របស់សហរដ្ឋអាមេរិក និងការពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខនៅក្នុងតំបន់។ មន្រ្តីរូបនេះ បានគូសបញ្ជាក់ប្រាប់បន្ថែមថា «រដ្ឋបាលកំពុងធ្វើឱ្យច្បាស់ថា យើងមានការប្តេជ្ញាចិត្តយូរអង្វែងចំពោះសេរីភាព និងការបើកចំហរតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយយើងក៏ជាផ្នែកមួយនៃតំបន់នេះ»

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកស្រី Harris កើតឡើងចំពេលដែលរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំពុងប្រយុទ្ធប្រឆាំងនឹងវិបត្តិមួយផ្សេងទៀត បន្ទាប់ពីការសម្រេចចិត្តរបស់ខ្លួន ក្នុងការដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន ហើយលោកស្រីក៏នឹងបន្តធ្វើការលើបញ្ហា ដែលជាប់ទាក់ទងនឹងប្រទេសអាហ្វហ្គានីស្ថាន ខណៈកំពុងធ្វើដំណើរទស្សនកិច្ចរបស់លោកស្រី នៅតំបន់អាស៊ីនោះផងដែរ៕