(វ៉ាស៊ីនតោន)៖ ក្រុមអ្នកវិទ្យាសាស្ត្រអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានចោទសួររកភស្តុតាង នៅពីក្រោយការសម្រេចចិត្តរបស់រដ្ឋបាល

លោកប្រធានាធិបតី ចូ បៃដិន ក្នុងការអនុញ្ញាតការចាក់វ៉ាក់សាំង COVID-19 «ដូសទី៣» សម្រាប់ប្រជាជនអាមេរិកទូទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១។

បើតាមក្រុមអ្នកវិទ្យាសាស្ត្រអាមេរិក ទិន្នន័យអ្នកចាក់វ៉ាក់សាំងគ្រប់ដូសរួច ហើយឆ្លង COVID-19 បានបង្ហាញថា ប្រជាជនអាមេរិកដែលមានវ័យចំណាស់គឺជា ក្រុមមនុស្សងាយរងគ្រោះជាងគេ ដូច្នេះពួកគេជាក្រុមមនុស្សដែលមានអាទិភាព ទទួលបានការចាក់វ៉ាក់សាំងដូសទី ៣។ ប៉ុន្តែមិនទាន់មានភស្តុតាងបង្ហាញពី ភាពចាំបាច់តម្រូវឱ្យប្រជាជនអាមេរិកទូទៅ ចាក់វ៉ាក់សាំងដូសជំរុញនៅឡើយទេ។

ជាក់ស្ដែង យោងតាមទិន្នន័យរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC) ក៏បានបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី០៩ ខែសីហាកន្លងទៅនេះ ៧៤ភាគរយនៃមនុស្ស ៨,០៥៤នាក់ដែលបានចាក់វ៉ាក់សាំងគ្រប់ដូស ហើយឆ្លង COVID-19 គឺជាក្រុមមនុស្សមានអាយុ ៦៥ឆ្នាំឡើងទៅ និង ២០ភាគរយនៃអ្នកឆ្លងទាំងនេះបានស្លាប់។

គួរបញ្ជាក់ថា រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន បានប្រកាសថាការចាក់វ៉ាក់សាំងដូសទី ៣ ដោយប្រើប្រាស់វ៉ាក់សាំង Pfizer-BioNTech និង Moderna ជូនប្រជាជនអាមេរិកគ្រប់អាយុទាំងអស់ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះទៅ។ ការសម្រេចចិត្តបែបនេះ ធ្វើឡើងបន្ទាប់ពីរកឃើញវ៉ាក់សាំងទាំងពីរ នេះថយចុះប្រសិទ្ធភាព និងជាពិសេសដោយសារការឆ្លងរាតត្បាតវីរុសបំប្លែងថ្មី Delta តែម្ដង៕