Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទីបំផុតចិនអាចទប់ទល់ការរាតត្បាត កូវីដ-១៩បំប្លែងខ្លួន Delta នៅក្នុងទីក្រុងណានជីង

19-08-2021 17:46

(ណានជីង)៖ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១នេះ ទីក្រុងណានជីង (Nanjing) ភាគខាងកើតប្រទេសចិន លែងមានតំបន់ដែលមានហានិភ័យកម្រិតមធ្យម និងខ្ពស់នៃការឆ្លងរាតត្បាតជំងឺ COVID-19 ដែលបង្កឡើងដោយវីរុសបំប្លែងខ្លួនថ្មី Delta ទៀតហើយ ខណៈទីក្រុងនេះពីមុនធ្លាប់មានតំបន់ហានិភ័យកម្រិតមធ្យម និងខ្ពស់រហូតដល់ចំនួន ៣២ ឯណោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ។

អនុប្រធានគណៈកម្មការសុខភាពប្រចាំទីក្រុង Nanjing លោក ទីង ហ្ស៊ាវពីង (Ding Xiaoping) បាននិយាយថា កាលពីថ្ងៃពុធម្សិលមិញនេះ ទីក្រុង Nanjing មិនបានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ក្នុងសហគមន៍ថ្មីៗនោះទេ ខណៈករណីឆ្លងសរុបចំនួន ២៣៥ករណីរួចមកហើយ ត្រូវបានរាយការណ៍នៅក្នុងទីក្រុង គិតចាប់តាំងពីការឆ្លងរាតត្បាតនៃជំងឺនេះជាចង្កោម បានចាប់ផ្តើមលេចឡើងជាលើកដំបូង កាលពីថ្ងៃទី២០ ខែកក្កដាកន្លងទៅនេះ ដោយអ្នកបោសសំអាតព្រលានយន្តហោះមួយចំនួន ត្រូវបានគេរកឃើញថា បានឆ្លងជំងឺនេះក្នុងអំឡុងពេលធ្វើតេស្តជាប្រចាំ។

លោក Ding Xiaoping បាននិយាយបន្ថែមថា ក្នុងចំណោមករណីឆ្លងសរុបខាងលើ មាន ៧៥នាក់ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យហើយ គិតត្រឹមថ្ងៃពុធម្សិលមិញនេះ។ រីឯសេវាកម្មដឹកជញ្ជូនសាធារណៈនៅទីក្រុង Nanjing រួមទាំងខ្សែរថភ្លើងក្រោមដី នឹងបន្តដំណើរការជាធម្មតាបន្តិចម្តងៗ។

គួរបញ្ជាក់ថា វីរុសបំប្លែងខ្លួនថ្មី Delta បានឆ្លងរីករាលដាលពីទីក្រុង Nanjing ទៅកាន់តំបន់រាប់សិបនៅទូទាំងប្រទេសចិន។ ប៉ុន្តែជាមួយនឹងវិធានការបង្ការ និងត្រួតពិនិត្យដ៏តឹងរ៉ឹង ដូចជាការរឹតបន្តឹងលើការធ្វើដំណើរ ប្រទេសចិនបានមើលឃើញពីនិន្នាការធ្លាក់ចុះ គួរឱ្យកត់សម្គាល់នៃករណីឆ្លងជំងឺ COVID-19 ក្នុងសហគមន៍ថ្មីៗ ដោយមានតែ ០៥ករណីប៉ុណ្ណោះ ដែលត្រូវបានរាយការណ៍នៅទូទាំងប្រទេសចិន កាលពីថ្ងៃពុធម្សិលមិញនេះ៕