(ដាកា)៖ ក្រុមអ្នករកស៊ីផ្លូវភេទរាប់រយនាក់ នៅតំបន់ផ្តល់សេវានេះដ៏ធំបំផុត នៃប្រទេសបង់ក្លាដែស បានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ហើយ នៅក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ដោយស្ថិតក្នុងក្តីសង្ឃឹមថា វិស័យនេះនឹងត្រូវស្តារឡើងវិញ បន្ទាប់ពីបានរងការវាយលុក ដោយជំងឺរាតត្បាតសកល។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១។
បង់ក្លាដែសត្រូវបានគេដឹងថា ស្ថិតក្នុងចំណោមប្រទេស (ម៉ូស្លីម) ដ៏តិចតួចបំផុត ដែលអនុញ្ញាតឲ្យការរកស៊ីផ្លូវភេទ ប្រព្រឹត្តទៅដោយស្របច្បាប់។ ប្រទេសដែលមានប្រជាជន ១៦៩លាននាក់មួយនេះ មានតំបន់បម្រើសេវាផ្លូវភេទ យ៉ាងហោចណាស់ ១១កន្លែង នៅទូទាំងប្រទេស ហើយចាប់តាំងពីមានការរាតត្បាតជំងឺ COVID-19 ក្រុមអ្នកប្រកបមុខរបរនេះ បានជួបវិបត្តិធ្ងន់ធ្ងរខ្លាំងបំផុត។
កន្លងមកនេះអាជ្ញាធរបង់ក្លាដែស ក៏ធ្លាប់ព្យាយាមផ្តល់ការចាក់វ៉ាក់សាំង ជូនដល់ក្រុមអ្នកបម្រើផ្លូវភេទទាំងនោះផងដែរ ប៉ុន្តែផែនការនេះមិនបានសម្រេចនោះឡើយ ព្រោះតែការខ្វះខាតវ៉ាក់សាំង ហើយអាទិភាពចម្បងកាលណោះ ត្រូវបានផ្តល់ជូនអ្នកបម្រើការងារ លើវិស័យសុខាភិបាលជួរមុខ។
គួរបញ្ជាក់ថា សម្រាប់តំបន់ ដាវឡាតឌា (Daulatdia) ដែលត្រូវបានគេដឹងថា ជាប្លុកបម្រើសេវាផ្លូវភេទធំបំផុតប្រចាំនៅប្រទេសបង់ក្លាដែសនោះ អ្នកបម្រើផ្លូវភេទជិត ២០០នាក់ ត្រូវបានចាក់វ៉ាក់សាំងបង្ការ COVID-19 រួចរាល់នៅក្នុងពេលមួយថ្ងៃ៕