Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចិននឹងពង្រឹងទំនាក់ទំនងបន្ថែមជាមួយប៉ាគីស្ថាន ដើម្បីគាំទ្រដល់ដំណើរការផ្លាស់ប្តូរ នៅអាហ្វហ្គានីស្ថាន

19-08-2021 16:28

(ប៉េកាំង)៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) បាននិយាយថា ប្រទេសចិន និងប៉ាគីស្ថានត្រូវការពង្រឹងទំនាក់ទំនងបន្ថែម ដើម្បីគាំទ្រដល់ដំណើរផ្លាស់ប្តូរ ដែលប្រកបដោយស្ថេរភាពនៅប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១។

លោក Wang បានធ្វើការកត់សម្គាល់ដូចខាងលើនេះ កាលពីល្ងាចថ្ងៃពុធសប្តាហ៍នេះ នៅក្នុងអំឡុងពេលកិច្ចសន្ទនាតាមរយៈទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក ហ្សាហ៍ ម៉ាហ៍មូដ គូរែស៉ី (Shah Mahmood Qureshi)។ នៅក្នុងកិច្ចសន្ទនានោះ លោក Wang បានអបអរសាទរប៉ាគីស្ថាន ចំពោះការប្រារព្ធពិធីបុណ្យឯករាជ្យជាតិលើកទី ៧៥ ហើយក៏បានជូនពរប៉ាគីស្ថានឱ្យមានវិបុលភាព និងភាពរឹងមាំតទៅមុខទៀតផងដែរ។

ដោយកត់សម្គាល់ថា ស្ថានការណ៍នៅប្រទេសអាហ្វហ្គានីស្ថាន បានផ្លាស់ប្តូរយ៉ាងខ្លាំង និងក្លាយជាចំណុចផ្តោតការយកចិត្តទុកដាក់បំផុតរបស់ពិភពលោក នាពេលថ្មីៗនេះ លោក Wang បាននិយាយថា អ្វីដែលគេហៅថា «ការផ្លាស់ប្តូរប្រជាធិបតេយ្យ» បានបង្ហាញថា វាមិនមានភាពប្រាកដនិយមទេ ដែលវាគ្រាន់តែនាំមកនូវផលវិបាកដ៏គួរឱ្យឈឺចាប់ និងមេរៀនដ៏គួរឱ្យចងចាំប៉ុណ្ណោះ។

លោក Wang បាននិយាយបន្ថែមថា ក្នុងនាមជាប្រទេសជិតខាងដ៏សំខាន់របស់ប្រទេសអាហ្វហ្គានីស្ថាន និងប្រទេសដែលទទួលខុសត្រូវនៅក្នុងតំបន់... ប្រទេសចិន និងប៉ាគីស្ថានត្រូវដើរតួនាទីស្ថាបនា ក្នុងការរក្សាសន្តិភាព និងស្ថេរភាពក្នុងតំបន់៕