(វ៉ាស៉ីនតោន)៖ លោក ឆាល គ្រូឡាក (Charles Krulak) ដែលជាមេបញ្ជាការយោធាផ្កាយ ៤ ចូលនិវត្តន៍ម្នាក់ នៃកងម៉ារីនអាមេរិក បានលើកឡើងថា សង្រ្គាមមិនមែនជាលទ្ធផលពុំអាចចៀសផុត នៅថ្ងៃអនាគតនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសចិននោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៉ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១។

លោក Krulak បាននិយាយថា មហាអំណាចនុយក្លេអ៊ែរទាំងពីរ នឹងខិតខំព្យាយាមបញ្ចៀសរាល់ជម្លោះប្រដាប់អាវុធដោយផ្ទាល់នានា ហើយសហគមន៍អន្តរជាតិ ក៏នឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាពរបស់ពួកគេ ដើម្បីកាត់បន្ថយហានិភ័យនៃការផ្ទុះឡើង នូវសង្រ្គាមនុយក្លេអ៊ែរផងដែរ។

ក្រៅពីនេះបើតាមលោក Krulak សហរដ្ឋអាមេរិក បច្ចុប្បន្ននៅតែនាំមុខស្ទើរគ្រប់ផ្នែកទាំងអស់នៃវិស័យយោធា ចំណែកចិនដែលកំពុងស្ថិតនៅលើផ្លូវយ៉ាងរលូន ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍជាតិរយៈពេលវែងរបស់ខ្លួន ច្បាស់ជានឹងស្ទាក់ស្ទើរក្នុងការបង្កសង្រ្គាម ដែលនឹងធ្វើឲ្យខ្លួនបាត់បង់ទៅវិញ នូវសន្ទុះនៃការអភិវឌ្ឍនេះមិនខាន។

មេបញ្ជាការយោធាអាមេរិក ដែលចូលនិវត្តន៍រូបនេះបានគូសបញ្ជាក់ជាចុងក្រោយថា ទោះជាយ៉ាងក៏ដោយ មហាយក្សសេដ្ឋកិច្ចទាំងពីររបស់ពិភពលោកនេះ ត្រូវបានតភ្ជាប់គ្នាយ៉ាងប្រទាក់ក្រឡា ហើយមានការពឹងផ្អែកខ្លាំងទៅវិញទៅមកលើគ្នាផងដែរ ដែលនេះជាហេតុផលធំមួយទៀត ប្រឆាំងនឹងគំនិតថា សង្គ្រាមនឹងកើតមានឡើងរវាងសហរដ្ឋអាមេរិក និងប្រទេសចិន៕