(ប៉េកាំង)៖ តាំងពីបានផ្ទុះជំងឺកូវីដ ១៩ មក ព័ត៌មានក្លែងក្លាយអំពីការរីករាលដាល នៃជំងឺឆ្លងត្រូវបានផ្សព្វផ្សាយក្នុងសង្គមអាមេរិក។ វាបានបិទបាំងចំណេះដឹងទូទៅផែ្នកវិទ្យាសាស្រ្ត និងស្មារតីដែលមានវិចារណញ្ញាណអំពីការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ប្រការទាំងនេះបានបញ្ជាក់ពីការសន្និដ្ឋាន ក្នុងរបាយការណ៍សិក្សាស្រាវជ្រាវមួយច្បាប់ របស់ធនាគារគំនិតចំនួនបីនៃប្រទេសចិន ពោលគឺ សហរដ្ឋអាមេរិក «ជាប្រទេសជាប់លេខមួយក្នុងចំណោមប្រទេសលើពិភពលោក ដែលបានប្រឌិតព័ត៌មានក្លែងក្លាយ»។
អ្នកផងទាំងពួងនៅតែចងចាំយ៉ាងច្បាស់ថា ថ្នាក់ដឹកនាំអាមេរិកកាលនោះដែលតែងតែរិះគន់យ៉ាងខ្លាំងក្លាពី "ព័ត៌មានក្លែងក្លាយ" បែរជាបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ អំពីការប្រឆាំងវិទ្យាសាស្ត្រតាមរយៈមធ្យោបាយជាច្រើនដូចជា ថ្លែងក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ និងបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គមជាដើម ដោយបានអះអាងថា ជំងឺកូវីដ ១៩ ជា "ជំងឺផ្តាសាយធំ" ហើយ "នឹងលាយសាបសូន្យស្របនឹងអាកាសធាតុឡើងកម្តៅ" ជាដើម។ កាសែត The Hill អាមេរិកធ្លាប់បានដកស្រង់ពាក្យសម្តីរបស់ អ្នកជំនាញផ្នែកសុខាភិបាលសាធារណៈ ដោយបានរិះគន់ថា ថ្នាក់ដឹកនាំអាមេរិកអាណតិ្តមុនបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ពាក់ព័ន្ធនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ព្រមទាំងវិធីសាស្រ្តព្យាបាល បណ្តាលឱ្យសាធារណជនមិនសូវគោរពតាម សំណើសុខាភិបាលប្រកបដោយវិទ្យាសាស្ត្រ វាហាក់ដូចជាដាក់សុវត្ថិភាពអាយុជីវិតរបស់ពួកគេ ក្នុងជ្រោះដ៏គ្រោះថ្នាក់។
លោក Joshua Sharfstein អនុប្រធានវិទ្យាស្ថានសុខាភិបាលសាធារណៈ Bloomberg នៃសកលវិទ្យាល័យ Johns Hopkins នៃអាមេរិកបានលើកឡើងថា ព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ គឺជា "មូលហេតុដ៏សំខាន់មួយដែលបណ្តាលឱ្យអាមេរិក អសមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លង"។
រឿងដែលគួរឱ្យអស់សំណើច ទោះបីជាអ្នកនយោបាយក្រុងវ៉ាស៊ីនតោន បានថ្កោលទោសកាលពីខែកក្កដាថា បណ្តាញទំនាក់ទំនងសង្គមមិនបានធ្វើការត្រួតពិនិត្យ និងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ចំពោះព័ត៌មានខុសឆ្គងអំពីវ៉ាក់សាំងកូវីដ១៩ នោះទេក៏ដោយ ក៏ប៉ុន្តែការពិតជាក់ស្តែងបានបង្ហាញឱ្យឃើញថា អ្នកនយោបាយអាមេរិកខ្លួនឯង ទើបជាប្រភពដើមធំបំផុតនៃព័ត៌មានក្លែងក្លាយ។
ពីការបិទស្លាកដែលបន្តុះបង្អាប់ចិនដល់ការមួលបង្កាច់ថា "វីរុសបានធ្លាយចេញពីបន្ទប់ពិសោធន៍របស់ចិន" រហូតដល់បន្ទាប់ពីមេដឹកនាំរបស់សេតវិមានអាមេរិកបានប្តូរអំណាច ប៉ុន្តែកលល្បិចដែលទម្លាក់កំហុសទៅលើប្រទេសចិន មិនបានកែប្រែនោះឡើយ។ ដើម្បីលាក់បាំងរឿងអាស្រូវរបស់អ្នកនយោបាយ ប្រព័ន្ធសារព័ត៌មានអាមេរិកដូចជា ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានប្រឌិតអ្វីដែលហៅថា អាមេរិកជាប់លេខមួយក្នុងតារាងចំណាត់ថ្នាក់ នៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាសកល ប្រការនេះធ្វើឱ្យអាមេរិកក្លាយជាប្រទេស គួរឱ្យអស់សំណើចនៅទូទាំងពិភពលោក។
នាពេលបច្ចុប្បន្ននេះ អាមេរិកបានរកឃើញករណីឆ្លងវីរុសជំងឺកូវីដ១៩ សរុបលើសពី ៣៧លាននាក់ ករណីស្លាប់សរុបបានលើសពី ៦៣០,០០០នាក់ ។ ទិន្នន័យទាំងពីរនេះសុទ្ធតែបំបែកកំណត់ត្រា ខ្ពស់បំផុតនៅលើពិភពលោក។ នាពេលថ្មីៗកន្លងទៅនះ លោក Francis Collins ប្រធានវិទ្យាស្ថានជាតិសិក្សាស្រាវជ្រាវសុខាភិបាលអាមេរិក បានបង្ហើបឱ្យដឹងថា ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ករណីឆ្លងវីរុសជំងឺកូវីដ១៩ គិតជាមធ្យមក្នុងមួយថ្ងៃនៅអាមេរិក មានលទ្ធភាពលើសពី ២០០,០០០នាក់។
ការពិតជាក់ស្តែងគ្រប់បែបយ៉ាងបានបង្ហាញឱ្យឃើញថា អាមេរិកទទួលបានបរាជ័យទាំងស្រុងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ក្នុងនាមជា "ប្រទេសជាប់លេខមួយក្នុងចំណោមប្រទេសលើពិភពលោក ដែលបានប្រឌិតព័ត៌មានក្លែងក្លាយ" បាននិងកំពុងបង់តម្លៃយ៉ាងធ្ងន់ធ្ងរ។ អ្នកប្រឌិតព័ត៌មានក្លែងក្លាយ ព្រមទាំងអ្នកផ្សព្វផ្សាយដោយចេតនាអាក្រក់ទាំងនោះ គួរតែទទួលការសួរដេញដោល លើទំនួលខុសត្រូវរបស់ខ្លួនជាដាច់ខាត៕ (#CCFR Comment#)