(វ៉ាលីងតោន)៖ នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសនូវែលសេឡង់បានប្រកាសរកឃើញ ករណីឆ្លងវីរុស COVID-19 បំប្លែងខ្លួន Delta ចំនួន ១៤ករណីបន្ថែមទៀត ដែលនាំឲ្យចំនួនសរុបកើនឡើងដល់ ២១ករណីហើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១។
ពេលនេះប្រទេសនូវែលសេឡង់ ហាក់កំពុងទទួលរងសម្ពាធខ្លាំងឡើង បើទោះបីជាការបិទប្រទេស ត្រូវបានដាក់ចេញរួចទៅហើយក្តី។ សំនួរត្រូវបានចោទសួរកាន់តែច្រើន ទៅលើរដ្ឋាភិបាលរបស់លោកស្រីនាយករដ្ឋមន្ត្រី ចេស៊ីនដា អាដឺន (Jacinda Ardern) ព្រោះតែពេលនេះ នូវែលសេឡង់ទើបតែបានចាក់់វ៉ាក់សាំងជូនប្រជាជន ២៣% ប៉ុណ្ណោះ ក្នុងចំណោមប្រជាជនទាំង ៥លាននាក់របស់ខ្លួន ចំពោះមុខការផ្ទុះឡើងនៃវីរុស COVID-19 បំប្លែងខ្លួន Delta។
មតិយោបល់មួយត្រូវបានចុះផ្សាយ លើទំព័រសារព័ត៌មាន New Zealand Herald យ៉ាងដូច្នេះថា «វាហាក់ដូចជាមិនមានភាពច្បាស់លាស់ទៀតឡើយថា យុទ្ធសាស្ត្ររបស់លោកស្រី Jacinda Ardern មានភាពត្រឹមត្រូវនោះ។ យុទ្ធសាស្ត្រ Zero COVID ឬ ច្រាន COVID ចេញឲ្យឆ្ងាយ ដូចជាមិនអាចទៅរួចទៀតឡើយ ខណៈពិភពលោកទាំងមូលកំពុងរងការវាយលុក ដោយវីរុសបំប្លែងខ្លួន Delta»។
ដោយឡែកបក្សប្រឆាំងនៅនូវែលសេឡង់ ក៏បានឆ្លៀតឱកាសចេញមុខ រិះគន់គោលនយោបាយទប់ទល់ COVID-19 របស់រដ្ឋាភិបាលបច្ចុប្បន្នផងដែរ ដោយបានចាត់ទុកថាជាភាព «បរាជ័យ»។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលនូវែលសេឡង់បានអះអាងតបវិញថា យើងមិនត្រូវដោះស្រាយអ្វីមួយ ដោយភាពតក់ក្រហលនោះទេ ដូចឧទាហរណ៍មានស្រាប់ អំពីអ្វីដែលបាននិងកំពុងកើតឡើង នៅទីក្រុងស៊ីដនីប្រទេសអូស្ត្រាលី ជាប្រភពដើមដែលមេរោគ Delta បានចម្លងចូលមកកាន់នូវែលសេឡង់នោះ៕