(ហុងកុង)៖ ប្រជាជនហុងកុងពីរនាក់ដែលត្រូវបានចោទប្រកាន់ថា ជាបក្ខពួកនៃក្រុមដែលអំពាវនាវឲ្យអន្តរជាតិ ដាក់ទណ្ឌកម្មប្រឆាំងប្រទេសចិននោះ នៅពេលនេះបានសារភាពកំហុសរបស់ពួកគេ នៅចំពោះមុខតុលាការទីក្រុងហុងកុងហើយ។ ការចាប់ខ្លួនពួកគេនេះ ក៏ជាប់ពាក់ព័ន្ធនឹងរឿងក្តីរបស់មហាសេដ្ឋី ជីមមី ឡៃ (Jimmy Lai) ផងដែរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១។
ការចោទប្រកាន់បុគ្គលពីរនាក់ខាងលើនេះត្រូវបានធ្វើឡើង ស្ថិតនៅក្រោមច្បាប់សន្តិសុខជាតិថ្មី ដែលប្រទេសចិនបានដាក់ឲ្យអនុវត្តនៅទីក្រុងហុងកុង កាលពីឆ្នាំ២០២០ និងបានធ្វើឲ្យការតវ៉ាស្ងប់ស្ងាត់ទៅវិញ។ គិតចាប់តាំងពីការដាក់ឲ្យអនុវត្តច្បាប់នោះមក មនុស្សសរុបជាង ១៣០នាក់ត្រូវបានចាប់ខ្លួន ដោយពួកគេភាគច្រើនសុទ្ធតែជាសកម្មជន ទាមទារលទ្ធិប្រជាធិបតេយ្យ សម្រាប់ទីក្រុងស្វយ័តរបស់ចិនមួយនេះ។
គួរបញ្ជាក់ថា ប្រជាជនហុងកុងទាំងពីរនាក់ ដែលម្នាក់មានឈ្មោះ អ៊ែនឌី លី (Andy Li) អាយុ ៣១ឆ្នាំ និងម្នាក់ទៀតឈ្មោះ ចាន់ វ៉ា (Chan Tsz-wah) អាយុ ៣០ឆ្នាំ បានសារភាពកំហុសជុំវិញការចោទប្រកាន់ថា ពួកគេបានគប់គិតជាមួយកងកម្លាំងបរទេស ដើម្បីបង្កអសន្តិសុខដល់ប្រទេសចិន។ ចៅក្រមតុលាការហុងកុងបានអះអាងថា ពួកគេទាំងពីរនាក់នេះ គឺជាសមាជិកនៃក្រុមមួយ ដែលបានរៀបចំតាក់តែង និងផ្សព្វផ្សាយអត្ថបទឲ្យកាសែតបរទេស ដើម្បីអំពាវនាវឲ្យអន្តរជាតិដាក់ទណ្ឌកម្ម ប្រឆាំងនឹងប្រទេសចិន៕