(វ៉ាស៉ីនតោន)៖ សេតវិមានអាមេរិកនៅថ្ងៃពុធសប្តាហ៍នេះ បានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងទទួលជួបជាមួយ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក ណាហ្វតាលី បេនណេត (Naftali Bennett) នៅសេតវិមាន នាថ្ងៃទី២៦ ខែសីហា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១។
អ្នកនាំពាក្យសេតវិមានលោកស្រី ជែន ផ្សាគី (Jen Psaki) បានប្រាប់ថា «លោកប្រធានាធិបតី បៃដិន និងលោកនាយករដ្ឋមន្រ្តី បេនណេត នឹងជជែកគ្នាអំពីបញ្ហាសំខាន់ៗ ពាក់ព័ន្ធស្ថានការណ៍សន្តិសុខថ្នាក់តំបន់ និងសកលលោក ក្នុងនោះរួមមានទាំងបញ្ហាទាក់ទងអ៉ីរ៉ង់ផងដែរ។ ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តីអ៉ីស្រាអែល មកកាន់ទីក្រុងវ៉ាស៉ីនតោន នឹងជាឱកាសមួយសម្រាប់ឲ្យមេដឹកនាំទាំងពីរពិភាក្សា ជុំវិញកិច្ចប្រឹងប្រែងដើម្បីជំរុញសន្តិភាព សន្តិសុខ និងវិបុលភាព សម្រាប់អ៉ីស្រាអែលនិងប៉ាឡេស្ទីន និងជុំវិញសារសំខាន់នៃការប្រឹងប្រែង ដើរឆ្ពោះទៅរកអនាគត ដែលមានសន្តិភាពនិងសន្តិសុខបន្ថែមទៀត សម្រាប់ភាគីទាំងពីរ»។
គួរបញ្ជាក់ថា ដំណើរបំពេញទស្សនកិច្ចរបស់លោក ណាហ្វតាលី បេនណេត នឹងធ្វើឡើង ស្របពេលដែលដំណើរកិច្ចចរចារវាងអាមេរិក និងអ៉ីរ៉ង់ ក្នុងការស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញ ត្រូវបានជាប់គាំង។ ទីក្រុងវ៉ាស៉ីនតោននិងទីក្រុងតេហេរ៉ង់ នៅតែមិនអាចសម្រេច បានការព្រមព្រៀងគ្នា ក្រោយកិច្ចចរចាដោយប្រយោលប៉ុន្មានលើក ត្រូវបានរៀបចំឡើង នៅទីក្រុងវីយែននៃប្រទេសអូទ្រីស តាំងតែពីខែមេសាមក៕