(ឌូបៃ)៖ អតីតប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក អាស្រាហ្វ ហ្កានី (Ashraf Ghani) ដែលកំពុងជ្រកកោនក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួមបាននិយាយថា សម្រេចចិត្តភៀសខ្លួនចេញពីរដ្ឋធានីកាប៊ុល ដើម្បីបង្ការកុំឱ្យមានការបង្ហូរឈាម និងមានការប្រឹក្សាយោបល់ជាមុនពីក្រុមមន្ត្រីនៃរដ្ឋាភិបាលរបស់លោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១។
លោក Ashraf Ghani បានទទួលរងការរិះគន់យ៉ាងខ្លាំងសម្រាប់ការចាកចេញពីប្រទេសយ៉ាងតក់ក្រហល់ ក្រោយមានសេចក្ដីរាយការណ៍ថាក្រុមតាលីបង់ សម្រុកចូលក្នុងរដ្ឋធានីកាប៊ុលកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។ យ៉ាងណាក៏ដោយ ជាការឆ្លើយតទៅនឹងការរិះគន់នេះ លោក Ghani បានអះអាងថាអ្វីដែលលោក ធ្វើគឺដើម្បីបង្ការកុំឱ្យមានការបង្ហូរឈាមតែប៉ុណ្ណោះ។ ថ្លែងនៅក្នុងវីដេអូមួយបង្ហោះលើ Facebook លោក Ghani បានគូសបញ្ជាក់ដូច្នេះថា៖ «ប្រសិនបើខ្ញុំ បន្តស្ថិតនៅក្នុងរដ្ឋធានីកាប៊ុល ម្ល៉េះការបង្ហូរឈាមដាក់គ្នាបានផ្ទុះឡើងក្នុងរដ្ឋធានីកាប៊ុលជាមិនខាន»។
អតីតប្រធានាធិបតីរូបនេះបន្ថែមថាលោកក៏បានប្រឹក្សាយោបល់ជាមួយក្រុមមន្ត្រីអាហ្វហ្កានីស្ថានមុននឹងធ្វើការសម្រេចចិត្តផងដែរ ហើយលោកបដិសេធថា មិនបានយកលុយរាប់រយលានដុល្លារជាប់តាមខ្លួន ដូចការចោទប្រកាន់នោះទេ ក្រោយសារព័ត៌មានរុស្ស៊ីនាំគ្នាចុះផ្សាយថាលោកបានយកលុយ ១៦៩លានដុល្លារ ជាប់តាមខ្លួន ពេលរត់ចេញពីប្រទេស។
គួរបញ្ជាក់ថា លោក Ashraf Ghani និងភរិយា បច្ចុប្បន្នកំពុងរស់នៅជ្រកកោនក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួមដែលបានផ្ដល់សិទ្ធិជ្រកកោនឱ្យរូបលោក ក្រោមហេតុផលមនុស្សធម៌៕