(ឌូប៉ៃ)៖ ក្រសួងការបរទេសប្រទេសអេមីរ៉ាត់អារ៉ាប់រួមឲ្យដឹងនៅថ្ងៃពុធនេះថា អតីតប្រធានាធិបតីអាហ្វហ្កានីស្ថានលោក Ashraf Ghani និងគ្រួសារកំពុងស្ថិតនៅក្នុងប្រទេសរបស់ខ្លួន បន្ទាប់ពីលោកបានភៀសខ្លួនចេញពីប្រទេស ខណៈដែលក្រុមតាលីបង់ប្រយុទ្ធឡើងគ្រប់គ្រងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Al-Arabiya នៅយប់ថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០២១។
ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិអេមីរ៉ាតអារ៉ាប់រួមបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃពុធនេះថា «អារ៉ាប់រួមបានស្វាគមន៍ប្រធានាធិបតីអាស្ហាហ្វហ្កានី និងក្រុមគ្រួសាររបស់លោកចូលមកក្នុងប្រទេស ដោយឈរលើមូលដ្ឋានមនុស្សធម៌»។
គួរបញ្ជាក់ថាកាលពីថ្ងៃអាទិត្យលោក Ashraf Ghani ត្រូវបានគេរាយការណ៍ថាបានភៀសខ្លួនទៅកាន់ប្រទេសតាហ្ស៊ីគីស្ថាន ហើយបើតាមក្រសួងការបរទេសរុស្ស៊ី លោក Ghani ប្រហែលជាអាចភៀសខ្លួនតាមយន្ដហោះមួយគ្រឿងរបស់សហរដ្ឋអាមេរិក ដោយនាំយកទៅជាមួយលុយសុទ្ធប្រមាណ ១៦៩លានដុល្លាអាមេរិក៕