(វ៉ាស៊ីនតោន)៖ ការដួលរលំនៃរបបដឹកនាំអាហ្វហ្កានីស្ថានគាំទ្រដោយសហរដ្ឋអាមេរិក ក្រោមដៃក្រុមតាលីបង់ បាននិងកំពុងបង្កឱ្យមានការព្រួយបារម្ភថាកោះតៃវ៉ាន់អាចនឹង មានវាសនាដូចគ្នា ដោយនឹងត្រូវបានទីក្រុងវ៉ាស៊ីនតោនបោះបង់ចោលនៅថ្ងៃណាមួយ។ តួយ៉ាងនៅថ្ងៃអង្គារសប្ដាហ៍នេះ សារព័ត៌មានរដ្ឋចិន Global Times បានព្រមានចំៗឱ្យ កោះតៃវ៉ាន់មើលអាហ្វហ្កានីស្ថានជាគំរូថាប្រសិនជាសង្រ្គាមផ្ទុះឡើងពិតមែន សហរដ្ឋអាមេរិកមិនអាចមកជួយពួកគេបានទេ ហើយជាការគាំទ្របន្ថែមលើការព្រមាននេះ កងទ័ពរំដោះប្រជាជនចិន (PLA) បានធ្វើសមយុទ្ធយោធានៅក្បែរកោះតៃវ៉ាន់ក្នុងថ្ងៃតែមួយ។
តែទោះជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីតៃវ៉ាន់ លោក ស៊ូ សិន ឆាង (Su Tseng-chang) បាននិយាយថាការយកកោះតៃវ៉ាន់ទៅប្រដូចជាមួយអាហ្វហ្កានីស្ថាន វាមិនត្រឹមត្រូវទេ ពីព្រោះថាតៃវ៉ាន់នឹងមិនចុះញ៉ម ឬចុះចាញ់ដូចដែលរដ្ឋាភិបាលអាហ្វហ្កានីស្ថានបានធ្វើនៅក្នុងសង្រ្គាមជាដាច់ខាត។ «ប្រសិនជាមហាអំណាចណាមួយចង់បំផ្លាញតៃវ៉ាន់ យើងនឹងមិនខ្លាចស្លាប់ ឬត្រូវបានចាប់ខ្លួនឡើយ ហើយយើងនឹងធ្វើអ្វីៗគ្រប់យ៉ាងដែលយើងអាចធ្វើទៅបានដើម្បីការពារកោះតៃវ៉ាន់»។ នេះជាការគូសបញ្ជាក់ បន្ថែមរបស់លោក Su Tseng-chang។
ជាការពិតណាស់ ឈរនៅលើទីតាំងភូមិសាស្ត្រខុសគ្នាស្រឡះ គេមិនអាចយកកោះតៃវ៉ាន់ទៅប្រដូចនឹងអាហ្វហ្កានីស្ថានបានទេ។ ប៉ុន្តែអ្នកជំនាញភាគច្រើនយល់ថាទាំងតៃវ៉ាន់ និងអាហ្វហ្កានីស្ថានមានចំណុចមួយដូចគ្នា នោះគឺសុទ្ធតែពឹងផ្អែកខ្លាំងលើសហរដ្ឋអាមេរិកដើម្បីការពារសន្តិសុខរបស់ពួកគេ។ នៅលើឆាកអន្តរជាតិ សហរដ្ឋអាមេរិកតែងតែ បង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះកោះតៃវ៉ាន់ តែនៅចំពោះមុខចិន រដ្ឋបាល និងប្រធានាធិបតីអាមេរិករាប់ចាប់តាំងពីលោក បារ៉ាក់ អូបាម៉ា រហូតមកដល់លោក ចូ បៃដិន តែងតែអះអាងថាទីក្រុងវ៉ាស៊ីនតោនគោរពតាមជានិច្ចនូវ «គោលនយោបាយចិនតែមួយ»។
សហរដ្ឋអាមេរិកមិនដែលបាននិយាយថាតើនឹងធ្វើអន្តរាគមន៍យោធាជួយកោះតៃវ៉ាន់ នៅពេលមានការវាយប្រហារណាមួយពីចិននោះទេ? ហើយលើសពីនេះទៅទៀត អ្នកសម្របសម្រួលកិច្ចការតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក លោក ឃើត ខាំបែល (Kurt Campbell) ក៏បានលើកឡើងកាលពីខែកក្កដាកន្លងទៅផងដែរថាសហរដ្ឋអាមេរិកនឹងមិនគាំទ្រ ឱ្យកោះតៃវ៉ាន់ប្រកាសឯករាជ្យជាដាច់ខាត។ ការប្រកាន់ជំហរបែបនេះរបស់សហរដ្ឋអាមេរិក ជាផ្នែកមួយនៃគោលនយោបាយមិនច្បាស់លាស់របស់អាមេរិកចំពោះកោះតៃវ៉ាន់។ គោលនយោបាយមិនច្បាស់បែបនេះត្រូវបានរដ្ឋបាលអាមេរិកគ្រប់ជំនាន់ជឿជាក់ថាអាចរក្សាស្ថានភាពដើមនៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ពោលគឺចិននៅតែជាចិន រីឯកោះតៃវ៉ាន់ នៅតែជាកោះតៃវ៉ាន់។ ប៉ុន្តែផ្ទុយទៅវិញ ជំហរមិនច្បាស់របស់អាមេរិកបានធ្វើឱ្យប្រជាជន និងថ្នាក់ដឹកនាំតៃវ៉ាន់ នៅមិនសុខបក់មិនល្ហើយដូចគ្នាដែរ ដ្បិតពួកគេនៅតែបារម្ភ ហើយចោទសួរថាតើអាមេរិកនឹងលូកដៃជួយពួកគេពេញទំហឹងដែរឬទេ នៅក្នុងករណីសង្រ្គាមជាមួយចិនផ្ទុះឡើងនៅថ្ងៃណាមួយ។
ពិតមែនទៅ តៃវ៉ាន់មានសម្ព័ន្ធមិត្តតែជាង១៥ប្រទេសប៉ុណ្ណោះ ហើយប្រទេសទាំងនោះទៀតសោត សុទ្ធតែជាប្រទេសដែនកោះតូចតាច ខណៈប្រទេសជាច្រើន ក្នុងនោះរួមទាំង សហរដ្ឋអាមេរិក និងអឺរ៉ុប ថ្វីបើតែងតែមិនត្រូវគ្នាជាមួយចិន តែនៅពីក្រោយឆាក ពួកគេសុទ្ធតែសម្លឹងឃើញប្រយោជន៍សេដ្ឋកិច្ចដ៏ធំពីទីផ្សារចិន។ នៅត្រង់នេះនិយាយឱ្យងាយ ស្ដាប់ថាតើមានប្រទេសណាមួយខ្លះសុខចិត្តបោះបង់ប្រយោជន៍ជាតិរបស់ខ្លួន ដោយចាប់យកតៃវ៉ាន់ដែលមានប្រជាជនតែជាង ២៣លាននាក់ ចោលទីផ្សារចិនដែលមាន ប្រជាជន ១.៤ពាន់លាននាក់។ ទីក្រុងប៉េកាំងតែងតែព្រមានជារឿយៗថានឹងប្រើប្រាស់កម្លាំងយោធាវាយយកកោះតៃវ៉ាន់ នៅក្នុងករណីចាំបាច់។ ករណីចាំបាច់នៅត្រង់នេះ គឺជា «បន្ទាត់ក្រហម» ដែលចិនបានគូសវាសសម្រាប់តៃវ៉ាន់ និងសហរដ្ឋអាមេរិក។ ឧត្ដមនាវីឯក ហ្វីលីព ដាវីដសុន (Philip Davidson) ជាអតីតមេបញ្ជាការនៃទីបញ្ជាការ យោធាអាមេរិកប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ធ្លាប់បានព្រមានកាលពីខែកម្ភៈកន្លងទៅថាចិនអាចនឹងប្រើប្រាស់កម្លាំងយោធាវាយយកកោះតៃវ៉ាន់នៅឆ្នាំ២០២៧ ខណៈចិនកំពុងពង្រឹងសមត្ថភាពយោធារបស់ខ្លួនដើម្បីដណ្ដើមតំណែងជាមហាអំណាចយោធានៅក្នុងតំបន់អាស៊ីពីសហរដ្ឋអាមេរិកនៅឆ្នាំ២០៥០។
សង្រ្គាមនៅច្រកសមុទ្រតៃវ៉ាន់ផ្ទុះឡើងនៅពេលណា គ្មាននរណាម្នាក់អាចទាយទុកមុនបានឡើយ។ ប៉ុន្តែអ្វីដែលគេដឹង នោះគឺថាចិនរង់ចាំតែឱកាសល្អ ឬមានហេតុផល សមស្របណាមួយដើម្បីអាចប្រើកម្លាំងយោធាលើតៃវ៉ាន់។ ចិនសព្វថ្ងៃកំពុងផ្ដោតលើយុទ្ធសាស្ត្រធ្វើឱ្យកោះតៃវ៉ាន់ឯកោ ដើម្បីបង្ខំឱ្យដែនកោះនេះសុខចិត្តចុះញ៉មជាមួយខ្លួន តាមរយៈការប្រើប្រាស់អំណាចសេដ្ឋកិច្ច និងប្រាក់យ័នអូសទាញឱ្យប្រទេសនានាផ្ដាច់ទំនាក់ទំនងជាមួយទីក្រុងតៃប៉ិ ខណៈជម្រើសយោធាត្រៀមនៅលើតុរួចជាស្រេច។
ការព្រមានប្រើកម្លាំងយោធារបស់ចិនត្រូវបានក្រុមអ្នកជំនាញយល់ថាមិនមែនជាការនិយាយឱ្យរួចតែពីមាត់នោះទេ ដ្បិតតៃវ៉ាន់នៅក្នុងភ្នែកថ្នាក់ដឹកនាំចិន និងសហរដ្ឋអាមេរិក មានសារៈសំខាន់បំផុតសម្រាប់ភូមិសាស្ត្រនយោបាយពង្រីកឥទ្ធិពលរបស់ពួកគេនៅលើពិភពលោក។ ម្ខាងចិនចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន និងជាទ្រនាប់ការពារការឈ្លានពានរបស់អាមេរិក រីឯម្ខាងទៀត គឺសហរដ្ឋអាមេរិកចាត់ទុកតៃវ៉ាន់ជាតំបន់យុទ្ធសាស្ត្រដ៏សំខាន់មិនអាចខ្វះបាន ក្នុងការខ្ទប់ឥទ្ធិពលចិន និងត្រូវតែការពារឱ្យបាន។
ចិនធ្លាប់បានពលីជីវិតកងទ័ពរបស់ខ្លួនរាប់សែននាក់ដើម្បីការពារកូរ៉េខាងជើងដែលមិនបានជាប់សាច់ឈាមនឹងគ្នាផង។ តើមកពីហេតុអ្វី? ហេតុផលគ្មានអ្វីក្រៅពី «ប្រយោជន៍ភូមិសាស្ត្រនយោបាយ» ទេ។ ថ្នាក់ដឹកនាំចិនចាត់ទុកតៃវ៉ាន់ ឬកូរ៉េខាងជើងជាទ្រនាប់ការពារមួយដ៏សំខាន់ពីការឈ្លានពានរបស់កងទ័ពអាមេរិក។ ពោលគឺប្រសិន បើបាត់បង់កូរ៉េខាងជើង ឬកោះតៃវ៉ាន់ នោះនៅក្បែររបងផ្ទះចិន នឹងមានសុទ្ធតែវត្តមានកងទ័ពអាមេរិក។ តែយ៉ាងណាក៏ដោយក្រុមអ្នកជំនាញភាគច្រើនយល់ថាសហរដ្ឋអាមេរិក ក្នុងរយៈពេលខ្លី ឬមធ្យមអាចនឹងនៅតែបន្តដើរតាមនយោបាយមិនច្បាស់លាស់ចំពោះតៃវ៉ាន់ ដើម្បីរក្សាស្ថានភាពដើម ដោយមិនឱ្យចិនមានលេសប្រើកម្លាំងយោធាទេ ឬអាច និយាយម្យ៉ាងទៀតបានថាទាំងអាមេរិក និងចិនដែលមានអាវុធនុយក្លេអ៊ែរក្នុងដៃ សុទ្ធតែត្រូវគិតជាមុន ពីរ ទៅបីដងដែរ មុននឹងសម្រេចថាត្រូវធ្វើសង្គ្រាមជាមួយគ្នា។
*មេរៀនពីអាហ្វហ្កានីស្ថាន
គេមិនអាចបន្ទោសសហរដ្ឋអាមេរិកតែម្នាក់ឯងថាជាដើមចមនៃការដួលរលំរបស់អាហ្វហ្កានីស្ថានបានឡើយ។ តែថ្នាក់ដឹកនាំអាហ្វហ្កានីស្ថានខ្លួនឯងក៏ត្រូវទទួលខុសត្រូវចំពោះ រឿងនេះដែរ ដោយសារតែមិនចេះចាប់យកឱកាសពង្រឹងសមត្ថភាព។ លោក អាឡិចហ្សាន់ដ័រ ហួង ឆៀ ឈិន (Alexander Huang Chieh-cheng) ជាសាស្ត្រាចារ្យម្នាក់ផ្នែក ទំនាក់ទំនង និងការសិក្សាយុទ្ធសាស្ត្រអន្តរជាតិ មកពីសាកលវិទ្យាល័យ Tamkang មានមូលដ្ឋាននៅកោះតៃវ៉ាន់បាននិយាយថាការដួលរលំរបស់អាហ្វហ្កានីស្ថានបានផ្ដល់ មេរៀនដ៏សំខាន់មួយឱ្យកោះតៃវ៉ាន់ និងប្រទេសដទៃ នោះគឺការគិតពិចារណាជាថ្មីថាតើពួកគេគួរតែយកជោគវាសនារបស់ខ្លួនឯងទៅផ្ញើនឹងអ្នកផ្សេងដែរឬក៏យ៉ាងណា?
ការដកកងទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថាន គឺមានជាប់ពាក់ព័ន្ធនឹងការប្ដូរយុទ្ធសាស្ត្រងាកមកផ្ដោតសំខាន់លើតំបន់អាស៊ី ជាពិសេសគឺការខ្ទប់ការកើនឡើងឥទ្ធិពលចិនរបស់ សហរដ្ឋអាមេរិក។ យុទ្ធសាស្ត្របែបនេះមានតាំងតែពីសម័យអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ាមកម្លេះ ហើយកំពុងត្រូវបានយកមកអនុវត្តបន្តក្រោមរដ្ឋបាល
របស់លោកប្រធានាធិបតី ចូ បៃដិន។ ប៉ុន្តែវាមិនមែនមានន័យថាប្រទេសនៅអាស៊ីទាំងអស់សុទ្ធតែទទួលបានការថែទាំ និងយកចិត្តទុកដាក់ខ្ពស់ពីអាមេរិកនោះទេ។
ជាក់ស្ដែងនៅក្នុងយុទ្ធសាស្ត្រខ្ទប់ឥទ្ធិពលចិន សហរដ្ឋអាមេរិកត្រូវបានគេមើលឃើញថាផ្ដោតសំខាន់ជាងគេតែទៅលើក្រុមប្រទេសជាសមាជិកកិច្ចសន្ទនាសន្តិសុខចតុភាគី ឬគេស្គាល់ថា Quad រួមមាន អាមេរិក ជប៉ុន, អូស្ត្រាលី និងឥណ្ឌា បូករួមទាំងប្រទេសមួយចំនួនទៀតដែលអាមេរិកយល់ថាសំខាន់មិនអាចខ្វះបានសម្រាប់យុទ្ធសាស្ត្រ ខ្ទប់ឥទ្ធិពលចិនតែប៉ុណ្ណោះ។ ត្រង់នេះអាចពន្យល់បានតាមរយៈការបំពេញទស្សនកិច្ចកាលពីពេលថ្មីៗនេះរបស់មន្ត្រីកំពូលអាមេរិកមកកាន់តំបន់អាស៊ីដោយចុចចំឈ្មោះលើ ប្រទេសវៀតណាម, សិង្ហបុរី និងហ្វីលីពីន ដែលទីក្រុងវ៉ាស៊ីនតោនចាត់ទុកថាគាំទ្រ និងអាចជួយពង្រឹងឥទ្ធិពកអាមេរិកនៅក្នុងតំបន់។
គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញ ការដួលរលំរបស់រដ្ឋាភិបាលអាហ្វហ្កានីស្ថានអាចនឹងធ្វើឱ្យសម្ព័ន្ធមិត្តមួយចំនួនសង្ស័យចំពោះការប្ដេជ្ញាចិត្តការពារសម្ព័ន្ធមិត្តខ្លួនឯងរបស់ សហរដ្ឋអាមេរិក។ តែនេះមិនមែនមានន័យថាពួកគេលែងត្រូវការអាមេរិកនោះទេ គ្រាន់តែចង់ ឬមិនចង់ពួកគេនឹងចាប់ផ្ដើមគិតគូរឡើងវិញពីការពង្រឹងសមត្ថភាព។ ការដួលរលំ របស់រដ្ឋាភិបាលទីក្រុងកាប៊ុល ក៏ត្រូវបានព្យាករទុកជាមុនពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកដែរ។ មានន័យថាអាមេរិកដឹងមុនថាអាហ្វហ្កានីស្ថាននឹងដួលរលំក្រោយ
កងទ័ពអាមេរិកត្រូវបានដកចេញ គ្រាន់តែថាគេមិននឹកស្មានដល់ថាទីក្រុងកាប៊ុលដួលរលំរហ័សបែបនេះសោះ៕
ប្រភព៖ Diplomat, Times Magazine (ថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០២១)