(កាប៊ុល)៖ នៅថ្ងៃពុធនេះ ប្រជាជនអាហ្វហ្គានីស្ថាន នៅក្នុងទីក្រុង Jalalabad នៃខេត្ត Nangarhar ភាគខាងកើតប្រទេស បាននាំគ្នាធ្វើបាតុកម្ម នៅតាមដងផ្លូវ ហើយបានរងការបាញ់ប្រហារបង្រ្កាប ពីសំណាក់ក្រុមតាលីបង់។ នេះបើតាមការចេញផ្សាយដោយ បណ្តាញព័ត៌មាន India Today នៅថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០២១។

ប្រព័ន្ធផ្វព្វផ្សាយក្នុងស្រុករបស់អាហ្វហ្គានីស្ថាន បានរាយការណ៍ថា សកម្មភាពបាតុកម្មខាងលើ ត្រូវបានធ្វើឡើង ដើម្បីទាមទារឲ្យមានការបំពាក់ទង់ជាតិប្រទេសអាហ្វហ្គានីស្ថាន នៅតាមអគារការិយាល័យដូចមុនឡើងវិញ ជំនួសឲ្យទង់របស់ក្រុមតាលីបង់។ ប៉ុន្តែក្រុមតាលីបង់ បានបើកការបាញ់ប្រហារទៅលើក្រុមបាតុករ។

ប្រភពពីអាជ្ញាធរសុខាភិបាលក្នុងតំបន់ បានអះអាងថា មនុស្សយ៉ាងហោច២នាក់ បានបាត់បង់ជីវិត និង១២នាក់បានរងរបួស។ មិនតែប៉ុណ្ណោះ សមាជិកក្រុមតាលីបង់ ក៏ត្រូវគេអះអាងថា បានប្រើអំពើហិង្សាលើអ្នកកាសែតមួយចំនួន ដែលយកព័ត៌មានអំពីហេតុការណ៍នោះផងដែរ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ខាងលើ គឺជាសញ្ញាដំបូងមួយ នៃសំឡេងប្រឆាំងនឹងក្រុមតាលីបង់ ចាប់តាំងពីក្រុមសកម្មប្រយុទ្ធនេះ បានឡើងគ្រប់គ្រងអាហ្វហ្គានីស្ថាន កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន។ ប្រជាជនអាហ្វហ្គានីស្ថានជាច្រើននាក់ បានភៀសខ្លួនចេញពីប្រទេស ហើយរាប់រយនាក់ទៀត កំពុងរង់ចាំឱកាសដូចគ្នា នៅឯព្រលានយន្តហោះទីក្រុងកាប៊ុល៕