(កាប៊ុល)៖ សហស្ថាបនិក និងជាអនុប្រធាននៃក្រុមតាលីបង់ លោក មូលឡោះ អាប់ឌុល ហ្គានី បារ៉ាដា (Mullah Abdul Ghani Baradar) បានធ្វើដំណើរទៅដល់ប្រទេសអាហ្វហ្គានីស្ថានហើយ កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN នារសៀលថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០២១។
អ្នកនាំពាក្យការិយាល័យនយោបាយក្រុមតាលីបង់ លោក មូហាំម៉ាត់ ណាអ៊ីម វ៉ាដាក (Muhammad Naeem Wardak) បានបង្ហោះសារនៅលើគណនី Twitter របស់ខ្លួនថា «កាលពីរសៀលថ្ងៃអង្គារ បណ្តាថ្នាក់ដឹកនាំជាន់ខ្ពស់របស់យើង ដឹកនាំដោយលោក Mullah Baradar អនុប្រធាននយោបាយ (តាលីបង់) និងជាប្រមុខនៃការិយាល័យនយោបាយរបស់ ដែនដីអ៊ីស្លាម-អាហ្វហ្គានីស្ថាន បានមកដល់ទឹកដីជាទីស្រឡាញ់របស់យើង និងបានចុះចតនៅអាកាសយានដ្ឋានខេត្ត កាន់ដាហារ (Kandahar) ហើយ»។
បើតាមអ្នកនាំពាក្យខាងលើ លោក Mullah Abdul Ghani Baradar និងមន្ត្រីអមដំណើរ បានចាកចេញពីទីក្រុង ដូហា (Doha) នៃប្រទេសកាតា ហើយយន្តហោះដែលលោកជិះ បានចុះចតនៅអាកាសយានដ្ឋាន Kandahar កាលពីរសៀលថ្ងៃអង្គារ (ម៉ោងនៅអាហ្វហ្គានីស្ថាន)។ នេះជាលើកដំបូងក្នុងរយៈពេល ២០ឆ្នាំ ដែលលោក Baradar បានឈានជើងចូលទឹកដីប្រទេសលោកវិញ។
គួរបញ្ជាក់ថា លោក Baradar ធ្លាប់ត្រូវបានចាប់ខ្លួនម្តង ដោយកងកម្លាំងសន្តិសុខប៉ាគីស្ថាន កាលពីឆ្នាំ២០១០ ហើយត្រូវបានដោះលែងវិញកាលពីឆ្នាំ២០១៨ ក្រោយពីសហរដ្ឋអាមេរិកបានប្រកាសអំពីចេតនា ដកខ្លួនទាំងស្រុងចេញពីប្រទេសអាហ្វហ្គានីស្ថាន៕