(វ៉ាស៊ីនតោន)៖ សេតវិមានប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយថា ក្រុមតាលីបង់បានសន្យាធានាសុវត្ថិភាពដល់ជនស៊ីវិល ដែលមានបំណងធ្វើដំណើរទៅកាន់ អាកាសយានដ្ឋានក្នុងរដ្ឋធានីកាប៊ុល ខណៈយោធាអាមេរិកកំពុងបង្កើនល្បឿនជម្លៀសកងទ័ព, ពលរដ្ឋរបស់ខ្លួន និងជនជាតិអាហ្វហ្កានីស្ថានជាច្រើនទៀត។ នេះបើតាមការចេញផ្សាយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅព្រឹកថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០២១។

តាមរយៈសន្និសីទព័ត៌មាននៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចេក សាល់លីវែន (Jake Sullivan) បានអះអាងថា មនុស្សមួយចំនួនធំបានចូលទៅដល់ អាកាសយានដ្ឋានរដ្ឋធានីកាប៊ុល បើទោះជាមានសេចក្ដីរាយការណ៍ថា មនុស្សជាច្រើនត្រូវបានវាយដំ ខណៈពួកគេព្យាយាមសម្រុកចូលឡើងជិះយន្ដហោះ ចេញពីអាហ្វហ្កានីស្ថានក៏ដោយ។ លោក Jake Sullivan បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «ក្រុមតាលីបង់បានជូនដំណឹងមកពួកយើងថា ពួកគេបានត្រៀមខ្លួនផ្ដល់សុវត្ថិភាពធ្វើដំណើរ សម្រាប់ជនស៊ីវិលដែលមានបំណងធ្វើដំណើរ ទៅកាន់អាកាសយានដ្ឋាន»

គួរបញ្ជាក់ថា បើតាមមន្ត្រីមួយរូបនៃសេតវិមាន មនុស្សសរុបជាង ៣,២០០នាក់ហើយត្រូវបានជម្លៀសចេញពីប្រទេសអាហ្វហ្គានីស្ថាន ដោយមានជំនួយពីយោធា ក្នុងនោះ ១,១០០នាក់ត្រូវបានជម្លៀសចេញ តែក្នុងថ្ងៃអង្គារមួយប៉ុណ្ណោះ។ បើតាមសេតវិមាន ជនជាតិអាមេរិកសរុបជាង ១១,០០០នាក់ទៀត កំពុងបន្តស្ថិតនៅអាហ្វហ្គានីស្ថាន ហើយពួកគេភាគច្រើនកំពុងរង់ចាំការជម្លៀសខ្លួនចេញ។

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច ព្រមទាំងបណ្តាប្រទេសអាស៊ីមួយចំនួនទៀត នៅតែបន្តជម្លៀសជនជាតិរបស់ខ្លួន ចេញពីប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីក្រុមតាលីបង់បានចូលគ្រប់គ្រងប្រទេសនេះ ទាំងស្រុងកាលពីថ្ងៃអាទិត្យ ទី១៥ ខែសីហា។ យ៉ាងណាក៏ដោយ ក្រោយក្រុមតាលីបង់ចូលគ្រប់គ្រងរដ្ឋធានីកាប៊ុល គេពុំបានឃើញការប្រែប្រួលអ្វី កើតឡើងធំដុំនោះឡើយ ក្រៅពីការចរចាបង្កើតរដ្ឋាភិបាលថ្មី និងការប្រកាសលើកលែងទោស ព្រមទាំងធានាសុវត្ថិភាពដល់ប្រជាជន និងមន្ត្រីរដ្ឋាភិបាលមុនទាំងអស់៕