(គូឡាឡាំពួរ)៖ មេដឹកនាំគណបក្សប្រឆាំងម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៊ីម (Anwar Ibrahim) បាននិយាយថាគណបក្សនយោបាយនៅក្នុងប្រទេសម៉ាឡេស៊ី បានឈានដល់ការឯកភាពគ្នាលើការបោះចោល «នយោបាយចាស់» ចាប់យកនយោបាយថ្មី តាមព្រះរាជបំណងរបស់ព្រះចៅស៊ុលតង់ អាប់ឌុលឡោះ ដើម្បីនាំមកនូវ សន្តិភាព និងភាពរុងរឿងជូនប្រជាជនម៉ាឡេស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី១៧ ខែសីហា ឆ្នាំ២០២១។
លោក អាន់វ៉ា ធ្វើការកត់សម្គាល់បែបនេះប្រាប់អ្នកសារព័ត៌មាននៅថ្ងៃអង្គារនេះ ក្រោយចូលគាល់ព្រះចៅស៊ុលអាប់ឌុលឡោះ។ មេបក្សប្រឆាំងរូបនេះបន្ថែមថា ថ្នាក់ដឹកនាំគណបក្សនយោបាយទាំងអស់ត្រូវតែរួមរួមគ្នាដោះស្រាយវិបត្តិ COVID-19។ លោក អាន់វ៉ា បានគូសបញ្ជាក់ដូច្នេះថា៖ «បញ្ហាមិនមែននៅលើតែការតែងតាំង នាយករដ្ឋមន្ត្រីថ្មីប៉ុណ្ណោះទេ ប៉ុន្តែរឹតតែសំខាន់ជាងនេះទៅទៀត នោះគឺព្រះចៅស៊ុលតង់ និងរាជានុសិទ្ធិមានព្រះទ័យចង់បានការចាប់យកនយោបាយថ្មីមួយ ក្នុងគោលបំណងនាំមកនូវសន្តិភាព និងភាពរុងរឿងសម្រាប់ប្រជាជនម៉ាឡេស៊ី»។
គួរបញ្ជាក់ថា ព្រះមហាក្សត្រម៉ាឡេស៊ី កាលពីថ្ងៃចន្ទម្សិលមិញ បានសម្រេចព្រះទ័យយល់ព្រមឲ្យលោក មូហ៍យីដទីន យ៉ាស់ស៊ីន (Muhyiddin Yassin) នៅកាន់តំណែងជា «នាយករដ្ឋមន្ត្រីចាំផ្ទះ» បន្ទាប់ពីការទូលសុំលាលែង ចេញពីតំណែងនាយករដ្ឋមន្ត្រីរបស់លោកត្រូវបានព្រះមហាក្សត្រសម្រេចព្រះទ័យ យល់ព្រមជាផ្លូវការ។ លោក យ៉ាស់ស៊ីនបានសម្រេចចិត្តលាលែងចេញពីតំណែងដោយសារតែលោកបាត់បង់ការគាំទ្រ មានជាប់ពាក់ព័ន្ធនឹងការដោះស្រាយវិបត្តិ COVID-19៕