(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ ធនាគារគំនិតចំនួនបីរបស់ប្រទេសចិនបានរួមគ្នាចេញផ្សាយរបាយការណ៍ក្រោមចំណងជើងថា «អាមេរិកជាប់លេខមួយ? ការពិតនៃ ការប្រយុទ្ធប្រឆាំនឹងជំងឺកូវីដ១៩ របស់អាមេរិក» ដោយបានលើកឡើងថាទាក់ទិននឹងភាពបរាជ័យរបស់រដ្ឋាភិបាលអាមេរិកក្នុងការចាត់វិធានការបង្ការ និងគ្រប់គ្រងជំងឺ កូវីដ១៩ ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកបានបោះពុម្ភរូបិយវត្ថុលើសពីតម្រូវការយ៉ាងច្រើនដើម្បីបន្ធូរបន្ថយវិបត្តិ។
បើគិតពីចំណាត់ថ្នាក់នៃការបោះពុម្ភរូបិយវត្ថុអាចឃើញថាអាមេរិកពិតជាសក្តិសមនឹងឋានៈជា «ប្រទេសជាប់លេខមួយខាងការបោះពុម្ពរូបិយវត្ថុលើសពីតម្រូវការយ៉ាងច្រើន» ។ ក្នុងមួយរយៈពេលកន្លងមក ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកបានចាត់វិធានការបោះពុម្ភបន្ថែមនូវរូបិយវត្ថុហួសពីកម្រិតធម្មតា។ បើមើលពីរយៈពេលដ៏ខ្លី វិធានការ ទាំងនេះអាចដើរតួនាទីខ្លះក្នុងការលំនឹងទីផ្សារ ប៉ុន្តែស្របពេលនេះ ផលប៉ះពាល់ដែលបណ្តាលមកពីវិធានការទាំងនេះត្រូវរួមគ្នារ៉ាប់រងដោយបណ្តាប្រទេសនានានៅ លើពិភពលោក។
បច្ចុប្បន្ននេះ អាមេរិកបាននិងកំពុងនាំចេញអតិផរណាទៅកាន់ពិភពលោកទាំងមូល។ ការបោះពុម្ភរូបិយវត្ថុលើសពីតម្រូវការយ៉ាងច្រើនបានបណ្តាលឱ្យដុល្លារអាមេរិក ចុះថ្លៃនិងទំនិញទ្រង់ទ្រាយធំដែលគិតថ្លៃតាមដុល្លារអាមេរិកឡើងថ្លៃ។ រីឯការឡើងថ្លៃនៃទំនិញទ្រង់ទ្រាយធំនៅទូទាំងពិភពលោកនឹងបណ្តាលឱ្យសន្ទស្សន៍ PPI នៃបណ្តាប្រទេសនានាត្រូវលើកកម្ពស់ដែលបណ្តាលឱ្យដើមទុនផលិតកម្មរបស់សហគ្រាសឡើងថ្លៃនិងមានការលំបាកក្នុងការធ្វើអាជីវកម្ម។ ព្រមពេលជាមួយគ្នានេះ ដោយមកពី ដុល្លារ អាមេរិកជារូបិយវត្ថុបម្រុងទុកសំខាន់នៅទូទាំងពិភពលោក បានជាដុល្លារអាមេរិកដ៏ច្រើនសម្បើមអាចចរាចរណ៍ក្នុងប្រទេសដទៃទៀតប្រការនេះបានបង្កជាភាព មិនប្រាកដប្រជានិងអស្ថិរភាពយ៉ាងខ្លាំងក្នុងទីផ្សារមូលធននៃបណ្តាប្រទេសនានាដែលបណ្តាលឱ្យទីផ្សារហិរញ្ញវត្ថុអន្តរជាតិមានភាពច្របូកច្របល់។
ដើម្បីទប់ទល់នឹងឥទ្ធិពលដែលបណ្តាលមកពីការហូរចូលនៃដុល្លារអាមេរិក អង្គភាពសេដ្ឋកិច្ចនៃទីផ្សារងើបឡើងថី្មនិងប្រទេសកំពុងអភិវឌ្ឍន៍មានតែចាត់វិធានការទប់ទល់ ប្រកបដោយភាពលំបាកដោយខានពុំបាន។ តាំងពីចូលឆ្នាំនេះមក ប្រទេសទីផ្សារងើបឡើងថ្មី ដូចជាប្រទេសប្រេស៊ីល រុស្សី តួកគីនិងម៉ិកស៊ិកជាដើមសុទ្ធតែបានដំឡើងអត្រា ការប្រាក់ជាបន្តបន្ទាប់ ទោះបីជាការធ្វើយ៉ាងនេះប្រហែលនឹងទប់ស្កាត់ការងើបឡើងវិញនៃសេដ្ឋកិច្ចក៏ដោយ។
តាមពិតទៅ ការដែលអាមេរិកបោះពុម្ពរូបិយវត្ថុលើសពីតម្រូវការយ៉ាងច្រើនក៏បាននាំមកនូវផលប៉ះពាល់ដល់ខ្លួនឯងផងដែរ ក្នុងនោះបូករួមទាំងអតិផរណាកម្រិតខ្ពស់ គម្លាតឆ្ងាយដាច់ពីគ្នារវាងអ្នកមាននិងអ្នកក្រកាន់តែខ្លាំងឡើងៗជាដើម។ បច្ចុប្បន្ននេះ ប្រព័ន្ធសារព័ត៌មានអន្តរជាតិតែងតែផ្សាយដំណឹងស្តីពីការដែលពលរដ្ឋអាមេរិក ត្អូញត្អែរថាទំនិញឡើងថ្លៃច្រើនពេក។ ព្រមពេលជាមួយគ្នានេះ ស្រទាប់អ្នកមានរបស់អាមេរិកមានទ្រព្យសម្បតិ្តកាន់តែច្រើនឡើងៗអាស្រ័យដោយការឡើងថ្លៃ នៃទីផ្សារភាគហ៊ុន ដែលបណ្តាលមកពីការបោះពុម្ពរូបិយវត្ថុលើសពីតម្រូវការយ៉ាងច្រើន។
ប្រការទាំងនេះធ្វើឱ្យអ្នកផងមើលកាន់តែច្បាស់ពីការពិតជាក់ស្តែងក្នុងសង្គមអាមេរិក ពោលគឺ «អ្នកមានជាអ្នកមានរហូត អ្នកក្រជាអ្នកក្ររហូត»។ បច្ចុប្បន្ននេះ ប្រជាជននៃបណ្តាប្រទេសនានានៅលើពិភពលោក បានរងទុក្ខវេទនាពីការរីករាលដាលនៃជំងឺកូវីដ១៩។
ប៉ុន្តែអាមេរិកបែរជានាំមកនូវកម្លាំងសម្ពាធបន្ថែមទៀត ខាងសេដ្ឋកិច្ចនិងសង្គមដែលបណ្តាលមកពីការបោះពុម្ពរូបិយវត្ថុលើសពីតម្រូវការយ៉ាងច្រើន ហើយក៏បានបង្កជាហានិភ័យកាន់តែធ្ងន់ធ្ងរដល់សន្តិសុខសេដ្ឋកិច្ច ពិភពលោកផងដែរ។ «ប្រទេសជាប់លេខមួយខាងការបោះពុម្ពរូបិយវត្ថុលើសពីតម្រូវការយ៉ាងច្រើន» ធ្វើឱ្យពិភពលោកមានការលំបាកយ៉ាងខ្លាំង៕