(កាប៊ុល)៖ គេហទំព័រ DefenseOne បានបង្ហោះរូបភាព ដែលបង្ហាញពីប្រជាជនអាហ្វហ្កានីស្ថានយ៉ាងណែនណាន់តាន់តាប់ នៅលើយន្ដហោះយោធាអាមេរិកធុន C-17 ដើម្បីភៀសខ្លួនចេញពីប្រទេសទៅកាន់សហរដ្ឋអាមេរិក បន្ទាប់ពីក្រុមតាលីបង់ត្រលប់មកកាន់អំណាចសាជាថ្មី។
បើតាមប្រភពខាងលើនេះ ប្រជាជនអាហ្វហ្កានីស្ថានជាង ៦៤០នាក់ បានឡើងជិះយន្ដហោះ C-17 កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ហើយពួកគេទាំងនេះស្ថិតនៅក្នុងចំណោមមនុស្ស ដែលទទួលបានការអនុញ្ញាត ឱ្យចេញពីដំណើរទៅកាន់សហរដ្ឋអាមេរិក។
DefenseOne ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីមន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិអាមេរិកបានឱ្យដឹងទៀតថា ទីក្រុងវ៉ាស៊ីនតោនបានយល់ព្រមទទួលប្រជាជនអាហ្វហ្កានីស្ថានរហូតដល់ ២២,០០០នាក់ ដែលស្នើសុំសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក។
មន្ត្រីរូបនេះដដែលបានបញ្ជាក់ដូច្នេះថា «យោធារបស់យើងទទួលស្គាល់ ការចូលរួមចំណែករបស់ពួកគេ ក្នុងប្រតិបត្តិការនៅអាហ្វហ្កានីស្ថាន ហើយយើងស្វាគមន៍ពួកគេមកកាន់សហរដ្ឋអាមេរិក»៕