(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានចេញមុខការពារការសម្រេចចិត្តរបស់លោកក្នុងការបន្តដក កងទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថាន ដោយបន្ទោសទៅលើរដ្ឋាភិបាលទីក្រុងកាប៊ុលខ្លួនឯង ដែលជាអ្នកបណ្ដោយឱ្យក្រុមតាលីបង់ឡើងកាន់អំណាចគ្រប់គ្រងប្រទេស ជាថ្មី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន NBC នៅថ្ងៃអង្គារ ទី១៧ ខែសីហា ឆ្នាំ២០២១។
លោក បៃដិន ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសុន្ទរកថាមួយចេញពីសេតវិមាន និងខណៈរូបលោកផ្ទាល់កំពុងរងការរិះគន់យ៉ាងខ្លាំងក្រោយក្រុមតាលីបង់ឡើងគ្រប់គ្រង អាហ្វហ្កានីស្ថាន។ លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា៖ «ថ្នាក់ដឹកនាំនយោបាយអាហ្វហ្កានីស្ថានបានចុះចាញ់ ហើយរត់ចោលស្រុក រីឯយោធាអាហ្វហ្កានីស្ថានដួលរលំ ដោយសារតែមានពេលខ្លះ ពួកគេបានចុះចាញ់ដោយមិនបានចម្បាំងតទល់នឹងសត្រូវឡើយ...ដូច្នេះហើយការសម្រេចចិត្តដកកទ័ពចេញពីអាហ្វហ្កានីស្ថានគឺជារឿង ត្រឹមត្រូវ»។
គួរបញ្ជាក់ថា លោក ចូ បៃដិន កាលពីខែកក្កដាកន្លងទៅ ធ្លាប់បាននិយាយថារដ្ឋាភិបាលអាហ្វហ្កានីស្ថាន នឹងមិនដួលរលំឡើយ បន្ទាប់ពីទីភ្នាក់ងារស៊ើបការណ៍អាមេរិក ព្យាករថារដ្ឋាភិបាលទីក្រុងកាប៊ុល នឹងដួលរលំក្រោយអាមេរិកដកទ័ពចេញទាំងស្រុង។ ប៉ុន្តែ នៅពេលនេះអាហ្វហ្កានីស្ថានបានធ្លាក់ចូលដៃក្រុមតាលីបង់លឿនជាងការព្យករ នេះទៅទៀត។ កងទ័ពអាមេរិកគ្រោងនឹងដកចេញពីអាហ្វហ្កានីស្ថានទាំងស្រុងឱ្យបានមុនថ្ងៃទី៣០ ខែសីហានេះ៕