(អាមេរិក)៖ ប្រធានាបតីអាមេរិក បាននិយាយកាលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ (ខែមុន) កន្លងទៅថា «រឿងក្រុមតាលីបង់ឡើងគ្រប់គ្រងអាហ្វហ្កានីស្ថានជាថ្មី ជារឿងនឹងមិនអាចកើតឡើង»
លោក បៃដិន បានឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានដូចខាងក្រោម៖
អ្នកសារព័ត៌មាន៖ តើរឿងដែលក្រុមតាលីបង់ឡើងគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថានជាថ្មី ជារឿងមិនអាចចៀសរួចមែនទេ?
លោក បៃដិន៖ ទេ! វាមិនអីចឹងទេ។ ពីព្រោះថាអាហ្វហ្កានីស្ថានមានកងទ័ពជាង ៣០០,០០០នាក់ ដែលមានបរិក្ខាយោធាគ្រប់គ្រាន់ដូចគ្នាទៅនឹងកងទ័ពដទៃ នៅលើពិភពលោក ហើយមានកងទ័ពអាកាស ធៀបទៅនឹងក្រុមតាលីបង់មានតែ ៧៥,០០០នាក់ប៉ុណ្ណោះ។ ដូច្នេះវាមិនមែនជារឿងដែលមិនអាចចៀស រួចនោះទេ។
អ្នកសារព័ត៌មាន៖ ប៉ុន្តែសហគមន៍ជាតិស៊ើបការណ៍សម្ងាត់របស់លោកបានវាយតម្លៃថា រដ្ឋាភិបាលអាហ្វហ្កានីស្ថានអាចនឹងដួលរលំ។
លោក បៃដិន៖ ទេនេះមិនមែនជាការពិតឡើយ។ អ្នកសារព័ត៌មាន៖ បើអីចឹង តើលោកអាចបញ្ជាក់ឱ្យច្បាស់បានទេ ពីអ្វីដែលពួកគេបានប្រាប់លោកថា តើ រឿងបែបនេះនឹងកើនឡើងដែរ ឬក៏អត់? លោក បៃដិន៖ ទេ! វាមិនពិតទេ។ ពួកគេមិនទាន់ឈានដល់ការធ្វើការសន្និដ្ឋានជាចុងក្រោយឡើយ។
អ្នកសារព័ត៌មាន៖ ដូច្នេះតើពួកគេជឿជាក់ដល់កម្រិតណាថា រដ្ឋាភិបាលអាហ្វហ្កានីស្ថាននឹងមិនដួលរលំ?
លោក បៃដិន៖ រដ្ឋាភិបាលអាហ្វហ្កានីស្ថាន និងថ្នាក់ដឹកនាំរបស់ពួកគេត្រូវតែរួបរួមគ្នា។ ច្បាស់ណាស់ពួកគេមានសមត្ថភាព ដើម្បីការពារដ្ឋាភិបាលឱ្យនៅតែឈរជើងបាន។
បញ្ហានៅត្រង់ថាតើពួកគេអាច រួបរួមគ្នាបានដែរទេ? វាមិនមែនជាបញ្ហាត្រូវសួរថាតើពួកគេមានសមត្ថភាព ឬអត់នោះទេ។ ពួកគេមានសមត្ថភាព។ ពួកគេមានកងទ័ព។ ពួកគេមានបរិក្ខាយោធា៕