(កាប៊ុល)៖ ស្ថានទូតរុស្ស៊ី ប្រចាំទីក្រុងកាប៊ុល បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រធានាធិបតីអាហ្វហ្កានីស្ថានលោក Ashraf Ghani បានភៀសខ្លួនចេញពីប្រទេស ដោយយកទៅជាមួយលុយសុទ្ធ៤ឡានពេញ និងពេញមួយឧទ្ធម្ភាគចក្រទៀត។ នេះបើយោងតាមការចេញផ្សាយសារព័ត៌មាន Reuters នៅយប់ថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១ ដោយស្រង់ពីទីភ្នាក់ងារព័ត៌មាន RIA របស់រុស្ស៉ី ប្រចាំនៅទីក្រុងកាប៊ុល។
រុស្ស៊ីបាននិយាយថា ខ្លួននឹងរក្សាវត្តមានមន្ត្រីទូតរបស់ខ្លួននៅទីក្រុងកាប៊ុលដដែល ហើយសង្ឃឹមថានឹងបង្កើតទំនាក់ទំនងល្អជាមួយក្រុមតាលីបង់ ទោះបីជាបាននិយាយថា ខ្លួនមិនប្រញាប់ប្រញាល់ទទួលស្គាល់ពួកគេថាជាអ្នកគ្រប់គ្រងប្រទេសក៏ដោយ។
អ្នកនាំពាក្យស្ថានទូតរុស្ស៊ី ប្រចាំទីក្រុងកាប៊ុលលោក Nikita Ishchenko បាននិយាយថា «ចំពោះការដួលរលំ នៃរបបអាហ្វហ្គានីស្ថាន អ្វីដែលលេចធ្លោជាងគេគឺវិធីភៀសខ្លួនរបស់ប្រធានាធិបតី»។ លោកបានសង្កត់ធ្ងន់ថា រថយន្ត០៤គ្រឿង និងឧទ្ធម្ភាគចក្រមួយគ្រឿងផ្ទុកពោរពេញដោយលុយសុទ្ធ ដើម្បីយកមកដាក់អមដំណើរជាមួយលោកប្រធានាធិបតី ខណៈលុយខ្លះទៀតដាក់មិនអស់ ក៏ត្រូវបង្ខំទុកចោលនៅតាមផ្លូវយន្តហោះ»។
គួរបញ្ជាក់ថា បន្ទាប់ពីក្រសួងការបរទេសតាហ្ស៊ីគីស្ថាន ប្រកាសច្រានចោលព័ត៌មាន ដែលបានចេញផ្សាយកន្លងមកនេះថា លោក ម៉ាហាំម៉ាត់ អាស្រាហ្វ ហ្គានី (Mohammad Ashraf Ghani) បានភៀសខ្លួនចូលទៅក្នុងប្រទេសខ្លួននោះ ព័ត៌មានផ្លូវការថ្មីមួយត្រូវបានបញ្ចេញមកហើយ ដោយអតីតប្រធានាធិបតី អាហ្វហ្គានីស្ថានរូបនេះ តាមពិតគឺកំពុងស្ថិតនៅប្រទេសអូម៉ង់ ដើម្បីត្រៀមបន្តដំណើរទៅកាន់សហរដ្ឋអាមេរិក៕