(អូម៉ង់)៖ បន្ទាប់ពីក្រសួងការបរទេសតាហ្ស៊ីគីស្ថាន ប្រកាសច្រានចោលព័ត៌មាន ដែលបានចេញផ្សាយកន្លងមកនេះថា លោក ម៉ាហាំម៉ាត់ អាស្រាហ្វ ហ្គានី (Mohammad Ashraf Ghani) បានភៀសខ្លួនចូលទៅក្នុងប្រទេសខ្លួននោះ ព័ត៌មានផ្លូវការថ្មីមួយត្រូវបានបញ្ចេញមកហើយ ដោយអតីតប្រធានាធិបតីអាហ្វហ្គានីស្ថានរូបនេះ តាមពិតគឺកំពុងស្ថិតនៅប្រទេសអូម៉ង់ ដើម្បីត្រៀមបន្តដំណើរទៅកាន់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន India Today នារសៀលថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១។

សេចក្តីរាយការណ៍ខាងលើនេះបានបន្តទៀតថា លោក ហាំឌុលឡាហ៍ ម៉ូហ៊ីប (Hamdullah Mohib) ដែលត្រូវជាអតីតទីប្រឹក្សាសន្តិសុខជាតិអាហ្វហ្គានីស្ថាន ក៏កំពុងស្ថិតនៅជាមួយលោក Ghani ផងដែរ។ អតីតប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani ធ្លាប់បានបង្ហោះសារ នៅលើគណនា Facebook របស់លោកថា ការសម្រេចចិត្តចាកចេញពីប្រទេសលោក គឺដើម្បីចៀសវាងនូវការបង្ហូរឈាម រវាងកងកម្លាំងរក្សាសន្តិសុខអាហ្វហ្គានីស្ថាន និងក្រុមសកម្មប្រយុទ្ធតាលីបង់ ដែលអាចនឹងនាំឲ្យប្រជាជនរាប់លាននាក់ កំពុងរស់នៅទីក្រុងកាប៊ុល ជួបវិបត្តិកាន់តែខ្លាំងថែមទៀត។

គួរបញ្ជាក់់ថា អតីតប្រធានាធិបតីអាហ្វហ្គានីស្ថានមួយរូបទៀត គឺលោក ហាមីដ កាហ្សៃ (Harmid Karzai) និងប្រធានក្រុមប្រឹក្សាផ្សះផ្សាជាតិជាន់ខ្ពស់ លោក អាប់ឌុលឡាហ៍ អាប់ឌុលឡាហ៍ (Abdullah Abdullah) កំពុងស្ថិតនៅក្នុងរដ្ឋធានីកាប៊ុលនៅឡើយ ដើម្បីចរចាបង្កើតរដ្ឋាភិបាលរួបរួមជាតិមួយ ជាមួយនិងក្រុមតាលីបង់ ប៉ុន្តែគេនៅមិនទាន់ដឹងអំពីដំណើរវិវឌ្ឍចុងបញ្ចប់ថា នឹងទៅជាយ៉ាងណានោះឡើយ៕