(ឌូសាន់បេ)៖ ក្រសួងការបរទេសតាហ្ស៉ីគីស្ថាន នៅថ្ងៃចន្ទនេះបានចេញមុខច្រានចោល សេចក្តីរាយការណ៍ព័ត៌មានដែលថា ប្រធានាធិបតីរត់ភៀសខ្លួនរបស់អាហ្វហ្គានីស្ថាន គឺលោក ម៉ាហាំម៉ាត់ អាស្រាហ្វ ហ្គានី (Mohammad Ashraf Ghani) បានទៅដល់ប្រទេសខ្លួន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានរុស្ស៉ី TASS នៅរសៀលថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១។

ក្រសួងការបរទេសតាហ្ស៉ីគីស្ថាន បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបង្ហោះលើវែបសាយផ្លូវការរបស់ខ្លួននាថ្ងៃចន្ទនេះថា «ក្រសួងការបរទេសតាហ្ស៉ីគីស្ថាន សូមរាយការណ៍ថា យន្តហោះរបស់លោក Mohammad Ashraf Ghani មិនបានចូលក្នុងដែនអាកាស របស់តាហ្ស៉ីគីស្ថាន ឬមួយក៏ចុះចតក្នុងទឹកដីប្រទេសនេះឡើយ»។ ម៉្យាងវិញទៀត ខាងរដ្ឋាភិបាលតាហ្ស៉ីគីស្ថាន ក៏មិនបានទទួលសំណើអ្វីទាក់ទងនឹងបញ្ហានេះ ពីខាងភាគីអាហ្វហ្គានីស្ថានដែរ។

គួរបញ្ជាក់ថា ក្រុមតាលីបង់បានចូលដល់ រដ្ឋធានីកាប៊ុលរបស់អាហ្វហ្គានីស្ថាន កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ដោយពុំមានការប្រយុទ្ធតបត ពីកងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថានឡើយ ហើយពួកគេបានចាប់ផ្តើមកាន់កាប់អគាររដ្ឋាភិបាល រួមមានទាំងវិមានប្រធានាធិបតី និងស្ថានីយប៉ូលិស ដែលត្រូវបានបោះបង់ចោលដោយកងកម្លាំងរដ្ឋាភិបាល។
ចំណែកប្រធានាធិបតីអាហ្វហ្គានីស្ថាន បានលាលែងពីតំណែង និងភៀសខ្លួនចេញពីប្រទេស ហើយត្រូវគេអះអាងថា លោកមានគោលដៅឆ្ពោះទៅកាន់ប្រទេសតាហ្ស៉ីគីស្ថាន៕