(វៀងចន្ទន៍)៖ ប្រទេសឡាវនៅថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការបន្តរកឃើញ ករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៣៤៩ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានឡាវ The Laotian Times។
បើតាមលោកវេជ្ជបណ្ឌិត Sisavath Soutthanalaxy ក្នុងចំណោមករណីឆ្លងជំងឺ COVID-19 ថ្មីៗខាងលើនេះ មាន ៣៧ករណីជាករណីឆ្លងក្នុងសហគមន៍ ក្នុងនោះរួមមាន ២៧ករណីត្រូវបានរកឃើញនៅក្នុងខេត្តបូកែវ (Bokeo), ០៨ករណីនៅក្នុងខេត្តសុវណ្ណាខេត្ត (Savannakhet), ០១ករណីនៅក្នុងខេត្តហ្លួង ព្រះបាង (Luang Prabang), និង ០១ករណីទៀតនៅក្នុងខេត្តសេកុង (Sekong)។
ចំណែកឯ ៣១២ករណីផ្សេងទៀត ជាករណីនាំចូល ក្នុងនោះរួមមាន ១០៤ករណីត្រូវបានរកឃើញនៅក្នុងរដ្ឋធានីវៀងចន្ទន៍ (Vientiane), ៦៣ករណីនៅក្នុងខេត្តខាំមួន (Khammouane), ៥៥ករណីនៅក្នុងខេត្តចម្ប៉ាសាក់ (Champasak), ៥៣ករណីនៅក្នុងខេត្ត Savannakhet, ៣១ករណីនៅក្នុងខេត្ត Salavanh, ០៥ករណីនៅក្នុងខេត្ត Xayaboury, និង ០១ករណីទៀតនៅក្នុងខេត្ត Luang Prabang។
គួរបញ្ជាក់ថា ប្រទេសឡាវបានរាយការណ៍ពីការរកឃើញ ករណីឆ្លងជំងឺ COVID-19 ចំនួន ០២ករណីជាលើកដំបូងកាលពីថ្ងៃទី២៤ ខែមីនាកន្លងទៅនេះ ហើយរហូតមកទល់ពេលនេះ បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ១០,៤៤១ករណី ក្នុងនោះមានអ្នកស្លាប់ ០៩នាក់៕