(ម៉ូស្គូ)៖ ភ្លើងឆេះព្រៃដែលបានអូសបន្លាយអស់ជាច្រើនសប្តាហ៍ នៅតំបន់ស៊ីប៊េរី (Siberia) របស់ប្រទេសរុស្ស៊ីនោះ នៅពេលនេះត្រូវបានគេគណនាថា ជាភ្លើងឆេះព្រៃមានទំហំធំធេង ជាងគេបំផុតនៅលើពិភពលោក ឬអាចនិយាយបានថា វាមានទំហំធំជាងភ្លើងឆេះព្រៃនានា ដែលកំពុងកើតមានឡើងនៅទូទាំងពិភពលោកនោះ បូកបញ្ចូលគ្នាទៅទៀត ខណៈផ្សែងបង្កឡើងដោយគ្រោះធម្មជាតិនេះ បានរសាត់ដល់តំបន់ប៉ូលខាងជើងផែនដី ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Space នារសៀលថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១។
ទីភ្នាក់ងារតាមដានទីអវកាសអាមេរិក បានបង្ហោះរូបថតមួយសន្លឹក ដែលត្រូវបានដោយផ្កាយរណប កាលពីសប្តាហ៍មុននេះ ដោយបង្ហាញអំពីផ្សែងបង្កឡើងដោយភ្លើងឆេះព្រៃនៅ Siberia បានរសាត់រហូតដល់ចម្ងាយ ៤,៨០០គីឡូម៉ែត្រ គិតចាប់ពីតំបន់ យ៉ាគូធីយ៉ា (Yakutia) ស្ថិតនៅភាគឦសានតំបន់ Siberia របស់រុស្ស៊ី ទៅដល់តំបន់ប៉ូលខាងជើងនៃភពផែនដី។ នេះអាចជាលើកដំបូងហើយ នៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្សលោក ដែលបានមើលឃើញផ្សែងភ្លើងឆេះព្រៃ រសាត់ទៅដល់ប៉ូលខាងជើង គិតចាប់តាំងពីមានការកត់ត្រា។
គួរបញ្ជាក់ថា បាតុភូតភ្លើងឆេះព្រៃតែងតែកើតមានឡើង ជារៀងរាល់ឆ្នាំនៅតំបន់ខាងលើ។ ប៉ុន្តែសម្រាប់ឆ្នាំ២០២១នេះវិញ ស្ថានភាពហាក់កាន់តែអាក្រក់ខ្លាំង ជាងបណ្តាឆ្នាំមុនៗ ហើយក៏ស្របពេលដែលពិភពលោក ទើបបានបង្កើនកម្រិតប្រកាសអាសន្នដល់ពណ៌ក្រហម ជុំវិញបញ្ហាបម្រែបម្រួលអាកាសធាតុផងដែរ។
ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ ក៏ធ្លាប់បានចុះផ្សាយកាលពីដើមខែសីហានេះផងដែរថា ផ្សែងភ្លើងឆេះព្រៃនៅតំបន់ Siberia របស់រុស្ស៊ី បានរសាត់ទៅគ្របដណ្តប់លើរដ្ឋធានី អ៊ូឡានបាទ័រ (Ulaanbaatar) នៃប្រទេសម៉ុងហ្គោលី ដែលស្ថិតនៅចម្ងាយរហូតដល់ ២,០០០គីឡូម៉ែត្រពីគ្នាឯណោះ៕